បុរសហូឡង់ម្នាក់ប្ដឹងមន្ទីរពេទ្យថៃ ដោយសារគិតលុយលើជនបរទេសច្រើនជាងប្រជាពលរដ្ឋថៃ
ថៃ៖ បុរសជនជាតិហូឡង់ម្នាក់បានដាក់ពាក្យបណ្តឹងទៅកាន់មន្ទីរពេទ្យ Hua Hin ក្នុងប្រទេសថៃ ដោយបានចោទប្រកាន់ថា មន្ទីរពេទ្យនេះបានគិតថ្លៃសេវាកម្មលើជនបរទេសថ្លៃហួសហេតុ។ ដើមបណ្ដឹងរូបនេះមានឈ្មោះថា Erwin Robert Bucher អាយុ ៥០ ឆ្នាំបានរស់នៅក្នុងប្រទេសថៃជាច្រើនឆ្នាំមកហើយ និងមានប្រពន្ធម្នាក់ជាជនជាតិថៃផងដែរ។ កាលពីឆ្នាំ ២០១៥ គាត់ត្រូវបានគេរកឃើញថា មានជំងឺមហារីកប្លោកនោម ហើយគាត់តម្រូវឲ្យមកមន្ទីរពេទ្យរៀងរាល់ ៣ ខែម្តង។ កន្លងមកពេលទៅមន្ទីរពេទ្យម្តងៗគាត់ត្រូវធ្វើដំណើរ ២០០ គីឡូម៉ែត្រពីកន្លែងដែលគាត់រស់នៅ ហើយត្រូវបង់ប្រាក់ថ្លៃពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតដូចប្រជាពលរដ្ឋដទៃដែរ គឺ ៥០ បាត (១,៦ ដុល្លារអាមេរិក)។
យ៉ាងណាក្តី មួយរយៈចុងក្រោយនេះតម្លៃសេវានេះបានកើនឡើងរហូតដល់ ៣០០ បាត (៩,៧ ដុល្លារអាមេរិក) ហើយការឡើងថ្លៃនេះគឺសម្រាប់តែជនបរទេសប៉ុណ្ណោះ។ កត្តានេះហើយទើបធ្វើឲ្យលោក Erwin Robert Bucher មិនសប្បាយចិត្ត និងសម្រេចដាក់ពាក្យប្ដឹងមន្ទីរពេទ្យតែម្តង ។ លោកបានប្រាប់អ្នកសារព័ត៌មានថា នេះជាអំពើពុករលួយដែលខាងមន្ទីរពេទ្យបានធ្វើមកកាន់ជនបរទេសដូចជារូបលោក ដោយខាងរដ្ឋាភិបាលថៃនៅតែគិតថ្លៃ ៥០ បាតដដែលទេ តែប្រធានមន្ទីរពេទ្យខ្លួនឯងដែរសម្រេចទាលុយលើសដូចនេះសម្រាប់ទុកខ្លួនឯង។ ពេលនេះខាងប៉ូលិសកំពុងតែធ្វើអន្តរាគមន៍លើករណីនេះជាបន្ទាន់ តែគេនៅមិនទាន់ដឹងថាមានលទ្ធផលយ៉ាងណានៅឡើយទេ៕

អត្ថបទ៖ ភក្តី