សិង្ហបុរីបង្ក្រាបករណីរត់ពន្ធភ្លុកដំរី និងវត្ថុខុសច្បាប់ផ្សេងៗទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ដែលមានតម្លៃជិត៥០លានដុល្លារ
សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរីបានបង្ក្រាបករណីរត់ពន្ធភ្លុកដំរីខុសច្បាប់ទ្រង់ទ្រាយធំមួយ ដែលភ្លុកដំរីទាំងនោះត្រូវបានគេជឿថា បានយកមកពីសត្វដំរីចំនួន ៣០០ ក្បាល។ ករណីរត់ពន្ធនេះត្រូវបានគេចាត់ទុកថា ជាករណីរត់ពន្ធភ្លុកដំរីខុសច្បាប់ធំបំផុតសម្រាប់ប្រទេសសិង្ហបុរីផងដែរ។ ភ្លុកដំរីទាំងអស់មានទម្ងន់ប្រមាណជា ៩ តោន និងមានតម្លៃសរុបចំនួន ១២,៩ លានដុល្លារអាមេរិកផងដែរ។ ភ្លុកដំរីត្រូវបានគេរៀបចំដាក់ក្នុងកុងទ័រនឺ និងប្រើកប៉ាល់ធំៗសម្រាប់ដឹកមកកាន់សិង្ហបុរី ហើយគេជឿថាភ្លុកដំរីទាំងនេះមានប្រភពមកពីប្រទេសវៀតណាម និងចិន។ ក្រៅតែពីភ្លុកដំរី គេក៏បានរឹបអូសវត្ថុខុសច្បាប់ជាច្រើនផ្សេងទៀតផងដែរដូចជា សត្វពង្រូ និងស្រកាសត្វពង្រូរាប់តោនទៀត ដែលមានតម្លៃសរុបប្រមាណជា ៣៥,៧ លានដុល្លារអាមេរិក។ ករណីរត់ពន្ធត្រូវបានបង្រ្កាប តែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចស្វែងរកមេក្លោងធំនៅពីក្រោយករណីបទល្មើសនេះបាននៅឡើយទេ៕

អត្ថបទ៖ ភក្តី