ស្នងការដ្ឋាននគរបាលភ្នំពេញ បំភ្លឺជុំវិញករណី ស្ត្រីម្នាក់ត្រូវចោរឆក់ រត់ទៅប្តឹងប៉ូលិស តែមិនឃើញប៉ូលិស ឃើញតែតុផឹកស៊ីនិងសំបកកំប៉ុង
បន្ទាប់ពីទទួលបានព័ត៌មាននៅលេីបណ្តាញសង្គមថាស្ត្រីម្នាក់ជាអ្នករកស៊ីលក់ផ្លែឈើតាមរទេះ ត្រូវបានចោរ២នាក់ឆក់កាបូបអស់ប្រាក់ប្រមាណជាង១ពាន់ដុល្លារ ហើយពេលជនរងគ្រោះរត់ទៅប្តឹងប៉ូលិសស្ទឹងមានជ័យ២ មិនឃើញប៉ូលិស ឃើញតែតុផឹកស៊ីនិងសំបកកំប៉ុង។ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់ការពិតក្រោយពីបានចុះធ្វេីការសាកសួរ និងស្រាវជ្រាវលេីករណីនេះទេីបទទួលបានលទ្ធផលដូចខាងក្រោមនេះ។
ជាក់ស្តែងពិតជាមានមែនទាក់ទងទៅនិងកំប៉ុងស្រានៅប៉ុស្តិ៍ ប៉ុន្តែខាងក្រុមការងារសង្កាត់បានបញ្ជាក់យ៉ាងច្បាស់ថា នៅយប់ថ្ងៃនោះសង្កាត់បានទទួលស្រាមួយកេះពីប្រជាពលរដ្ឋ ហេីយសង្កាត់ក៏បានហៅប្រជាការពារ មេភូមិ មកពិសារទាំងអស់គ្នានៅមុខប៉ុស្តិ៍ដោយសារមានភ្លេីងភ្លឺ ក្រោយមកក៏មានអំពេីហិង្សាមួយកេីតឡេីងប្រជាពលរដ្ឋបានមកប្តឹងប៉ុស្តិ៍ពេលនោះកម្លាំងប៉ុស្តិ៍ក៏បានចេញទៅភ្លាមដេីម្បីដោះស្រាយបញ្ហានេះ ហេីយនៅពេលពិសារចប់ដោយពុំមានអ្នកធ្វេីការប្រមូលសម្អាតសំបកកំប៉ុង ទេីបនៅសល់ក្រោមតុដូច្នេះ។
ចំណែកឯករណីដែលសារព័ត៌មានមួយចំនួនសរសេរថាទៅប្តឹងដល់ប៉ុស្តិ៍មិនមានអ្នកនៅទទួលពាក្យបណ្តឹង គឺមិនពិតនោះទេជាក់ស្តែងពេលដែលជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅម៉ោងប្រហែល៤ទៀបភ្លឺ គឺមានលោកនាយរងប៉ុស្តិ៍ម្នាក់ និងមន្ត្រីពីរនាក់ទៀតបានសួរនាំរឿងហេតុ និងសរសេរពាក្យបណ្តឹងជូនគាត់ភ្លាមៗផងដែរ ហេីយក៏បាននាំជនរងគ្រោះទៅរកកន្លែងកេីតហេតុផងដែរប៉ុន្តែជនរងគ្រោះគាត់ក៏ចាំមិនច្បាស់ទីតាំងកេីតហេតុនោះឡេីយ។ សូមបញ្ជាក់ជាថ្មីថា ក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានចុះផ្សាយផងដែរបេីសិនជាមានករណីប៉ុស្តិ៍ណាមិនទទួលពាក្យបណ្តឹងរបស់ពលរដ្ឋ អាចខំមិនចូលក្នុងផេក នោះក្រុមការងារស្នងការដ្ឋាននគរបាលរាជធានីនឹងចាត់វិធានការភ្លាមៗផងដែរ៕


