សាហាវពេកហើយ! Huawei ឌឺដងក្រុមហ៊ុន Samsung និង Apple ទៀតហើយ តែមិនមែនជាវីដេអូឡើយលើកនេះ គឺយករថយន្ដបិទផ្ទាំងប៉ាណូជិះជុំវិញហាងរបស់ក្រុមហ៊ុនទាំងពីរនេះតែម្ដង!
- March 26, 2018
ជាការពិតណាស់ សម្រាប់ទីផ្សារសហរដ្ឋអាមេរិច ក្រុមហ៊ុន Huawei ហាក់ដូចជាមិនសូវទទួលបានលទ្ធផលល្អប៉ុន្មានទេ ប៉ុន្ដែស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនបានខឹតខំជាខ្លាំងលើបណ្ដារទីផ្សារផ្សេងទៀត ដើម្បីប្រាកដថាផលិតផលខ្លួននៅតែឈានមុខគេ។ ដោយឡែក កាលពីពេលថ្មីៗនេះ Huawei បានបង្កើតការចម្អក ឌឺដងមួយទៅកាន់ក្រុមហ៊ុនដៃគូប្រគួតប្រជែងខ្លួនដែលមានដូចជា ក្រុមហ៊ុន Samsung និង Apple។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំបំផុតរបស់ប្រទេសចិននេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូន P20 និង P20 Pro របស់ខ្លួន ដែលនឹងធ្វើឡើងក្នុងទីក្រុង Paris។ ប៉ុន្ដែ មុនពេលការប្រកាសនេះចូលមកដល់ ក្រុមហ៊ុន Huawei មានបំណងលេងសើចជាមួយនឹងដៃគូប្រគួតប្រជែងក្នុងចក្រភពអង់គ្លេសជាមុនសិន។
យោងតាមគេហទំព័រ The Inquirer ក្រុមហ៊ុន Huawei បានបានដាក់ពង្រាយរថយន្តដឹកទំនិញធុនស្រាលជាច្រើនដែលមានភ្ជាប់មកជាមួយនឹងផ្សាយផ្ទាំងប៉ាណូផ្សព្វផ្សាយស្មាតហ្វូនថ្មីរបស់ខ្លួន នៅទូទាំងទីក្រុងធំៗរបស់ចក្រភពអង់គ្លេស ហើយអ្វីដែលរឹតតែសាហាវជាងនេះទៅទៀតនោះគឺ រថយន្ដទាំនោះហាក់ដូចជាបើកបរចុះឡើងៗ ក្បែរៗ ហាងរបស់ក្រុមហ៊ុន Apple និង Samsung ជានិច្ច។
ទាក់ទងទៅនឹងផ្ទាំងប៉ាណូផ្សព្វផ្សាយនោះ គឺមានសរសេរពាក្យថា “រងចាំ” និង “អត់ធ្មត់”។ បន្ទាប់ពីបើកជុំវិញអស់ជាច្រើនជុំហើយ រថយន្ដទាំងអស់បានឈប់នៅពីមុខហាងរបស់ក្រុមហ៊ុន Apple និង Samsung តែម្ដង។
ទោះជាយ៉ាងណា ក្រុមហ៊ុន Huawei នៅមិនទាន់ប្រើប្រាស់អស់នូវយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនទេ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះក៏បានបាញ់ស្ព្រាយពណ៌សលើឥដ្ឋ ដែលមានអត្ថន័យប្រាប់ពីកាលបរិច្ឆេតនៃការប្រកាសស្មាតហ្វូនកំពូលរបស់ខ្លួនផងដែរ។
ដោយសារទង្ចើរបែបនេះ យើងអាចសន្មត់បានថា ក្រុមហ៊ុន Huawei ពិតជាមានភាពជឿជាក់លើកំពូលស្មាតហ្វូនជំនាន់ក្រោយបំផុតរបស់ខ្លួនខ្លាំងណាស់។ ចំពោះ Huawei P20 ត្រូវបានគេជឿថានឹងមានកាមេរ៉ាក្រោយភ្លោះដដែល ប៉ុន្ដែជាមួយនឹង P20 Pro វិញគឺមានកាមេរ៉ាក្រោយដល់ទៅ 3ឯណោះរបស់ក្រុមហ៊ុន Leica ហើយមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា AI ថែមទៀត។
យើងសូមបញ្ជាក់សារឡើងវិញថា Huawei គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតលំដាប់ទី3 លើពិភពលោក ហើយរាល់ផលិតផលខ្លួន ពិតជាទទួលបានការពេញនិយមខ្លាំងលើទីផ្សារក្នុងស្រុក។ ប៉ុន្ដែ សម្រាប់ទីផ្សារសហរដ្ឋអាមេរិចវិញ ផលិតផលរបស់ក្រុមហ៊ុននេះហាក់ដូចជាមិនសូវដំណើរការបានល្អឡើយ ពោលគឺរដ្ឋភិបាលក្នុងប្រទេសនេះ មិនអនុញ្ញាតឲ្យក្រុមហ៊ុនចែកចាយធំៗមួយចំនួនយកផលិតផលរបស់ក្រុមហ៊ុននេះមកលក់ឡើយ។

Fu
ប្រភព៖ idropnews
- Share This Post:






