និស្សិតវៀតណាមម្នាក់ត្រូវបានចាប់ខ្លួន ក្រោយជាប់ការចោទប្រកាន់ថាបានរត់ពន្ធសាច់ជ្រូកមានមេរោគចូលទៅប្រទេសជប៉ុន
ប៉ូលិសជប៉ុនបានចាប់ខ្លួននិស្សិតជនជាតិវៀតណាមម្នាក់ ពីបទនាំចូលនូវសាច់ជ្រូកដែលមានផ្ទុកវីរុសប៉េស្តជ្រូកអាហ្វ្រិកដោយខុសច្បាប់ ចូលទៅក្នុងប្រទេសជប៉ុន។ កាលពីថ្ងៃអង្គារនាយកដ្ឋានប៉ូលីសក្រុងតូក្យូបានឱ្យដឹងថា នាង Hac Thi Phuong Linh អាយុ ២៣ឆ្នាំ ត្រូវបានចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ Haneda កាលពីថ្ងៃទី១៣ ខែមិថុនា ដោយសារនាងព្យាយាមនាំយកណែមសាច់ជ្រូកចំនួន ១០គីឡូក្រាម និងស៊ុតទាចំនួន ៣៦០គ្រាប់ ចូលទៅក្នុងប្រទេសជប៉ុន។

តាមច្បាប់របស់ប្រទេសជប៉ុន របស់ទាំងពីរនេះតម្រូវឱ្យមានការដាច់ដោយឡែកពីគេ ដើម្បីពិនិត្យ និងការពារការឆ្លងរោគ។ បន្ទាប់ពីការធ្វើតេស្ដរួច អាជ្ញាធរជប៉ុនក៏បានរកឃើញថា សាច់ជ្រូកដែលនាង Linh នាំចូលសុទ្ធតែមានផ្ទុកវីរុសប៉េស្តជ្រូកអាហ្វ្រិកទាំងអស់។ វីរុសប៉េស្តជ្រូកអាហ្វ្រិកនេះជាមេរោគឆ្លងរាលដាលយ៉ាងឆាប់រហ័សតាមរយៈការចម្លងដោយផ្ទាល់ ឬប្រយោល ហើយជ្រូកដែលឆ្លងវីរុសនេះមានអត្រាស្លាប់ស្ទើរតែ ១០០% ។ បច្ចុប្បន្ននេះមិនមានការព្យាបាលសម្រាប់ជំងឺនេះទេ ទោះបីជាវាជាវីរុសមិនឆ្លងដល់មនុស្សក៏ដោយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់តូក្យូបានឱ្យដឹងថា នាង Linh ដែលជានិស្សិតប្ដូរកម្មវិធីសិក្សាម្នាក់នេះ បានប្រាប់ប៉ូលីសថា សាច់ជ្រូកនេះត្រូវបានធ្វើឡើងដោយម្តាយរបស់នាង សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ ព្រោះដើម្បីសន្សំសំចៃការចំណាយរបស់នាង។ ប៉ុន្តែខាងប៉ូលីសសង្ស័យថានាងយកវាមកលក់បន្ដ និងកំពុងតែធ្វើការស៊ើបអង្កេតបន្ថែមផងដែរ ព្រោះថានេះជាករណីដំបូងបំផុត ដែលជប៉ុនរកឃើញមានវីរុសប៉េស្តជ្រូកអាហ្វ្រិកនៅក្នុងប្រទេសរបស់ពួកគេ៕




អត្ថបទ៖ លីដា