សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ដែលបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក ដោយមិនដឹងខ្លួន
នៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ត្រូវការសម្ភារៈជាច្រើនដើម្បីប្រើប្រាស់ និងបំពេញតម្រូវការចាំបាច់ផ្ទាល់ខ្លួន ដោយសម្ភារៈប្រើប្រាស់ទាំងនោះផ្ដល់នូវទាំងគុណសម្បត្តិ និងគុណវិបត្តិដល់អ្នក។ ជាក់ស្ដែងការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្រ្តផ្សេងៗពីគ្នា បានបង្ហាញពីគ្រោះថ្នាក់ដល់សុខភាពដែលបង្កដោយសម្ភារៈមួយចំនួនដូចជា៖
ទី១.ក្រវ៉ាត់ក៖ ក្រវ៉ាត់ក ភាគច្រើនត្រូវបានគេប្រើដើម្បីបន្ថែមភាពស្រស់ស្អាត និងរបៀបរៀបរយនៃឯកសណ្ឋានធ្វើការ តែការស្រាវជ្រាវបានបង្ហាញថានៅពេលយើងប្រើប្រាស់ក្រវ៉ាត់កតឺងពេក បណ្ដាលឲ្យសម្ពាធក្នុងភ្នែកកើនឡើង ដែលនាំទៅជាបញ្ហាធ្ងន់ធ្ងរដូចជាជំងឺដក់ទឹកក្នុងភ្នែក។

ទី២.ម៉ាស៊ីនបោកគក់៖ ការសិក្សាមួយបានបង្ហាញថាម៉ាស៊ីនបោកគក់ផ្ទុកទៅដោយមេរោគជាច្រើន ដែលធ្វើឲ្យជាប់សម្លៀកបំពាក់របស់អ្នក ហើយអាចបង្កឲ្យអ្នកកើតជំងឺស្បែកផ្សេងៗ ដើម្បីកែប្រែបញ្ហានេះ អ្នកគួរតែសម្អាតមាស៊ីនបោកគក់របស់អ្នកឲ្យបានញឹកញាប់។

ទី៣.ស្ករគ្រាប់៖ ប្រសិនបើអ្នកចូលចិត្តស្ករគ្រាប់ដែលមានជាតិជូរ ផ្អែម វាសំបូរដោយវីតាមន C ដូច្នេះអ្នកមិនគួរបៀមទុកក្នងមាត់យូរពេកទេ ព្រោះជាតិអាស៊ីត ascorbic ដែលនៅក្នុងនោះ នឹងធ្វើឲ្យធ្មេញរបស់អ្នកឆាប់ពុក ហើយងាយនឹងមានអាការៈឈឺចាប់ផងដេរ។

ទី៤.ស្បែកជើង Crocs៖ មនុស្សរាប់លាននាក់ចូលចិត្តពាក់ស្បែកជើងដ៏សាមញ្ញនេះជារៀងរាល់ថ្ងៃ ប៉ុន្តែវាមិនផ្តល់ប្រយោជន៍សម្រាប់កែងជើងទេ ដែលធ្វើឲ្យកែងជើងមិនរឹងមាំ អាចនាំឱ្យមានបញ្ហាផ្សេងៗដូចជា ការខូចទ្រង់ទ្រាយ និងការឈឺចាប់លើកែងជើង ដូច្នេះប្រសិនបើអ្នកមិនអាចឈប់ប្រើប្រាស់ស្បែកជើងនេះបាន នៅពេលពាក់វា អ្នកគួរតែក្រវ៉ាត់ខ្សែខាងក្រោយរបស់វា។

ទី៥.ម៉ាស្ការ៉ា និង លេនដាក់ភ្នែក៖ ការប្រើប្រាស់ម៉ាស្ការ៉ា និងលេន គឺជារឿងដែលមនុស្សស្រីគ្រប់រូបមិនអាចខ្វះបាន និងប្រើប្រាស់ស្ទើរតែរាល់ថ្ងៃ តែវាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ភ្នែករបស់អ្នកដូចជា សារធាតុផ្សំគីមីនៅក្នុងម៉ាស្ការ៉ា ប៉ះពាល់ដល់សុខភាពភ្នែកយ៉ាងខ្លាំង ហើយការពាក់លេនទប់ស្កាត់អុកស៊ីសែនរបស់ជាលិកាភ្នែក នាំឲ្យភ្នែកស្ងួត និងឈឺ។
