រដ្ឋាភិបាលសហព័ន្ធអាមេរិកនឹងនាំយកមកវិញនូវច្បាប់កាត់ទោសប្រហារជីវិតលើអ្នកទោសឧក្រិដ្ឋ ក្រោយផ្អាកវារយៈពេល ១៦ ឆ្នាំ
នាយកដ្ឋានយុត្តិធម៌បានប្រកាសថា រដ្ឋាភិបាលសហព័ន្ធអាមេរិកនឹងនាំយកមកវិញនូវច្បាប់កាត់ទោសប្រហារជីវិតលើអ្នកទោស ក្រោយរយៈពេល ១៦ឆ្នាំ ដែលច្បាប់នេះត្រូវបានគេផ្អាក។ អគ្គមេធាវីលោក William Barr បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានដឹកនាំការិយាល័យពន្ធនាគារ (BOP) ដើម្បីកំណត់ពេលវេលានៃការសម្លាប់អ្នកទោស ៥នាក់។ លោកបានបន្ដថា មនុស្សទាំង ៥នាក់ ត្រូវបានផ្តន្ទាទោសពីបទឃាតកម្ម ឬការរំលោភលើកុមារ ឬមនុស្សចាស់។

លោក William Barr បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកំណត់ពេលប្រហារជីវិតទៅលើជនល្មើសទាំង ៥ គឺត្រូវធ្វើនៅខែធ្នូ ឆ្នាំ២០១៩ និងខែមករា ឆ្នាំ២០២០ ដើមឆ្នាំក្រោយ។ ក្រសួងយុត្ដិធម៌របស់អាមេរិកនឹងដាក់ទោសប្រហារជីវិតប្រឆាំងនឹងឧក្រិដ្ឋកម្មដែលអាក្រក់ៗបំផុត ប៉ុន្តែក្រុមសិទ្ធិមនុស្សពួកគេមានការព្រួយបារម្ភថា ការសម្លាប់នេះជាការគ្រោងទុក។ ព្រោះថាការដាក់ទោសប្រហារជីវិតត្រូវការពេលវេលាដើម្បីពិចារណា និងពិនិត្យករណីឡើងវិញ ហើយវាគ្មានមូលដ្ឋានគ្រឹះក្នុងការបែងចែកសំណុំរឿងរួមគ្នាតាមវិធីនេះ និងប្រញាប់ប្រញាល់បែបនេះនោះទេ។
គួរឱ្យដឹងផងដែរថា រយៈពេល ១៦ឆ្នាំ មកហើយដែលច្បាប់នេះត្រូវផ្អាក ពោលគឺតាំងតែពីមានការកាត់ទោសសម្លាប់ចុងក្រោយទៅលើលោក Louis Jones Jr ជាអតីតទាហានជើងចាស់នៅឈូងសមុទ្រ មានអាយុ ៥៣ឆ្នាំ ដែលគាត់បានសម្លាប់កូនទាហាន អាយុ ១៩ឆ្នាំ ឈ្មោះ Tracie Joy McBride ក្នុងឆ្នាំ២០០៣ ៕






អត្ថបទ៖ លីដា