ស្មានតែចិត្តល្អជួយចិញ្ចឹមកុមារកំព្រា តាមពិតម្ចាស់មណ្ឌលកុមារកំព្រាម្នាក់នេះយកក្មេងៗជាកុមារកំព្រាឲ្យទៅប្រព្រឹត្តិបទល្មើសខុសច្បាប់សោះ
ចិន៖ ស្ត្រីជនជាតិចិនម្នាក់ ដែលមានឈ្មោះល្បីល្បាញជាសប្បុរសជនទទួលយកកុមារកំព្រាជាង ១០០ នាក់មកចិញ្ចឹមនោះ ពេលនេះនាងត្រូវបានតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់គុករយៈពេល ២០ ឆ្នាំ ក្រោយគេបានរកឃើញថា នាងបានប្រើប្រាស់កុមារកំព្រាទាំងនោះទៅប្រព្រឹត្តិបទល្មើសជាច្រើនករណី។ បន្ថែមពីការជាប់គុកនាងក៏ត្រូវពិន័យជាប្រាក់ចំនួន ២,៦៧ លានយន់ (៣៨៧,៩០០ ដុល្លារអាមេរិក) ហើយមិត្តប្រុសរបស់នាង និងក្រុមការងាររបស់នាង ១៥ នាក់ផ្សេងទៀតក៏ត្រូវគេចាប់ខ្លួនផងដែរ។
សូមរម្លឹកជូនថាស្រ្តីជនជាតិចិនរូបនេះមានឈ្មោះថា Li Lijuan អាយុ ៥៤ ឆ្នាំ ហើយជាង ២១ ឆ្នាំកន្លងមកនេះ នាងបានទទួលកុមារកំព្រាជាង ១០០ នាក់មករស់នៅជុំគ្នាក្នុងមជ្ឈមណ្ឌលមួយ ដែលមានឈ្មោះថា “Love Village” ហើយមជ្ឈមណ្ឌលរបស់នាងក៏ទទួលបានប្រាក់មូលនិធិពីសប្បុរសជនជាច្រើនផងដែរក្នុងមួយឆ្នាំៗ។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះគេរកឃើញថា នាងបានប្រើកុមារកំព្រាទាំងនោះ ដើម្បីធ្វើការឆរបោក និងប្រព្រឹត្តិបទល្មើសជាច្រើនករណីអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
របាយការណ៍ដែលគេទទួលបានចុងក្រោយនោះ គឺនាងបានឆរបោកក្រុមហ៊ុនមួយយកប្រាក់អស់ ៧០,០០០ យន់ (១០,៩៩៧ ដុល្លារ) និងមន្ទីរពេទ្យមួយកន្លែងយកប្រាក់អស់ ៣០០,០០០ យន់ (៤៧,១៣១ ដុល្លារ)។ ក្រោយការស៊ើបអង្កេតយ៉ាងល្អិតល្អន់ទើបនាងត្រូវបានគេសម្រេចផ្តន្ទាទោសឲ្យជាប់គុករហូតដល់ ២០ ឆ្នាំ ដោយផ្អែកលើបទល្មើសមុនៗជាច្រើនករណីទៀត ខណៈមិត្តប្រុសរបស់នាងត្រូវជាប់គុក ១២ ឆ្នាំ និងពិន័យជាប្រាក់ ១,២ លានយន់ (១៧៤,៦០០ ដុល្លារ)៕

អត្ថបទ៖ ភក្តី