ទឹកចិត្តបងស្រី! ក្មេងស្រីអាយុ៥ឆ្នាំបានស្លាប់ ក្រោយព្យាយាមជួយជីវិតប្អូនស្រីពីគំនរបាក់បែក ដោយសារគ្រាប់បែក (មានវីដេអូ)
វីដេអូអំពីក្មេងស្រីជនជាតិស៉ីរីម្នាក់ ដែលបានចូលទៅជួយសង្គ្រោះជីវិតប្អូនស្រីអាយុ ៧ខែ ពីគំនរបាក់បែកនៃផ្ទះរបស់ពួកគេ ដែលត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែកពីលើអាកាស បានបង្កឱ្យមានការភ្ញាក់ផ្អើលរំជួលចិត្តពេញបណ្ដាញអ៊ីនធឺរណេត ហើយវីដេអូនោះក៏ត្រូវបានគេចាត់ទុកថាជារូបភាពដ៏មានឥទ្ធិពលបំផុត ដែលទាក់ទិននឹងសង្គ្រាមស្លាប់រង្គាលរបស់ប្រទេសមួយនេះ។
នៅក្នុងវីដេអូបង្ហោះដោយ Al Jazeera បានបង្ហាញពីកុមារីជាបងស្រី ដែលមានអាយុ ៥ឆ្នាំ ឈ្មោះថា រីម៉ូម កំពុងចាប់ទាញកអាវប្អូនស្រីរបស់ខ្លួន ដែលមានអាយុត្រឹមតែ ៧ខែ មិនឱ្យរបូតចេញពីដៃធ្លាក់ចុះដីឡើយ។ កុមារី រីម៉ូម បានព្យាយាមមិនឱ្យប្អូនស្រីធ្លាក់ចុះដល់ដីនោះទេ ទោះបីជាខ្លួននាងតូចផ្ទាល់ត្រូវបានគំនរបាក់បែក ដែលបន្សល់ពីការទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាលសង្កត់ពីលើជាប់ក៏ដោយ។ បន្ទាប់មកទើបឪពុករបស់ពួកគេបានឃើញហេតុការណ៍នេះជាមួយនឹងទឹកមុខភ័យតក់ស្លុត ហើយក្រោយមកពួកគេត្រូវបានក្រុមសង្គ្រោះបានចូលទៅជួយ ចេញពីគំនរបាក់បែកទាំងនោះ។
ពួកគេទាំងពីរនាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែវាគួរឱ្យសោកស្ដាយជាពន់ពេក ដោយសារតែមិនអាចទ្រាំជាមួយនឹងរបួសតទៅទៀតបាន កុមារី រីម៉ូម ក៏បានស្លាប់ ហើយម្ដាយរបស់នាងតូចក៏ត្រូវបានគេរាយការណ៍ថា បានស្លាប់ក្នុងហេតុការណ៍នោះផងដែរ។ ចំណែកក្មេងស្រីដែលជាប្អូន ដែលមានអាយុ ៧ខែ ម្នាក់នោះ ក៏កំពុងទទួលការព្យាបាល និងមើលថែយ៉ាងយកចិត្តទុកដាក់ផងដែរ។
គួរឱ្យដឹងដែរថា រីម៉ូម គឺជាជនស៊ីវិលម្នាក់ក្នុងចំណោម ២០នាក់ ដែលត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារដោយយន្តហោះទម្លាក់គ្រាប់បែករដ្ឋាភិបាលប្រទេសស៊ីរីកាលពីថ្ងៃពុធ នៅក្នុងខេត្ត Idlib ភាគខាងជើង ដែលកងកម្លាំងរបស់ប្រធានាធិបតីលោក Bashar al-Assad កំពុងវាយដណ្តើមយកទីប្រជុំជន ដែលកាន់កាប់ដោយពួកឧទ្ទាមនៅក្នុងប្រទេស។ ការកើនឡើងនៃអំពើហិង្សាដែលបានចាប់ផ្តើមនៅចុងខែមេសានេះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤០០នាក់ស្លាប់ រាប់បញ្ចូលទាំងក្មេងៗ ៩០នាក់ និងមនុស្ស ៤៤០,០០០នាក់ ត្រូវជម្លៀសខ្លួន៕

អត្ថបទ៖ លីដា
