សម្តេចតេជោហ៊ុន សែន ជូនដំណើរចៅស្រីច្បង ចេញទៅរៀនប្រទេសបារាំងវិញ ស្រាប់តែនឹកឃើញពេលកុមារឪពុកម្តាយសម្តេចបររទេះគោរាប់គីឡូម៉ែត្រមកកាន់កំពង់ផែដើម្បីជូនដំណើរសម្តេចមករៀនភ្នំពេញដែរ
នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយចៅស្រីច្បង ព្រមទាំងចៅៗឯទៀតរបស់សម្តេច។ ដោយសម្តេចតេជោបានជូនដំណើរចៅស្រីច្បង ចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលត្រូវវិលត្រឡប់ទៅប្រទេសបារាំងដើម្បីបន្តការសិក្សាបន្ទាប់ពីបានមកលេងកម្ពុជាកំឡុងពេលវិស្សមកាល។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ “ល្ងាចនេះខ្ញុំបានជូនចៅស្រីរបស់ខ្ញុំត្រឡប់ទៅរៀនវិញបន្ទាប់ពីនាងបានមកសម្រាកមួយរយៈនៃវិស្សមកាល។ ដោយសារភរិយាខ្ញុំជាជីដូននិងកូនស្រីខ្ញុំជាម្តាយជាប់ការងារមិនអាចជូនដំណើរ បានតម្រូវឱ៌្យខ្ញុំជាជីតាឆ្លៀតពេលជូនដំណើរចៅដើម្បីជៀសវាងអារម្មណ៍ឯកោរបស់ចៅស្រី។ កាលពេលមុនខ្ញុំនិងភរិយារួមនឹងឪពុកខ្ញុំផងធ្លាប់ជូនដំណើរកូនៗខ្ញុំពេលពួកគេចេញទៅរៀននៅបរទេស។ ពេលនេះដល់ពេលត្រូវជូនដំណើរចៅម្តងដែលខ្ញុំចាត់ទុកជាផ្នែកដ៏សំខាន់នៃការលើកទឹកចិត្តសម្រាប់ការសិក្យារបស់ពួកគេ។
និយាយដល់រឿងនេះខ្ញុំនឹកឃើញពេលដែលខ្ញុំនៅកុមារឪពុកម្តាយខ្ញុំបានបររទេះគោរាប់គីឡូម៉ែត្រមកកាន់កំពង់ផែដើម្បីជូនដំណើរខ្ញុំឡើងកប៉ាល់ទឹកមករៀននៅភ្នំពេញ។ទោះនូវនឹងខ្លួនខ្ញុំមានលុយត្រឹមតែ១២រៀលនិងបាយខ្ចប់ស្លឹកចេកមួយកញ្ចប់ក្តីតែខ្ញុំមានអារម្មណ៍កក់ក្តៅខ្លាំងណាស់ដែលបានឪពុកម្តាយជូនដំណើរដែលខ្ញុំមើលពីកប៉ាល់ឃើញពួកគាត់ឈរមើលមកកប៉ាល់រហូតផុតកន្ទុយភ្នែកមើលលែងឃើញ។ កូនប្រុសច្បងរបស់ខ្ញុំរៀនចប់ថ្នាក់បណ្ឌិត ឯចៅស្រីច្បងមួយនេះក៏បានសន្យាជាជួយខ្ញុំថាចៅនឹងយកថ្នាក់បណ្ឌិតឱ្យបាន។ ខ្ញុំសង្ឃឹមថាចៅមួយនេះនឹងជោគជ័យក្នុងការសិក្សារបស់គេដើម្បីជុំរុញឱ្យចៅ១៩នាក់ផ្សេងទៀតយកជាគំរូតាម”៕









