បច្ចេកវិទ្យា

Apple សុំលោក Trump កុំយកពន្ធនាំចូលគ្រឿងបន្លាស់សម្រាប់តម្លើងកុំព្យូទ័រពីប្រទេសចិន តែលោក Trump ទាត់សំណើរនោះចោល

BY
Khmernote Media
July 29, 2019

លោកប្រធានាធិបតីអាមេរិក Donald Trump បានព្រមានថា លោកនឹងច្រានចោលសំណើរបស់ក្រុមហ៊ុន Apple ចំពោះការលើកលែងពន្ធលើការនាំចូលឧបករណ៍សម្រាប់ផ្គុំធ្វើជាកុំព្យូទ័រពីប្រទេសចិន។ ការច្រានចោលសំណើរសុំលើកលែងពន្ធត្រូវបានធ្វើឡើង ព្រោះតែលោក Donald Trump ចង់ដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាឲ្យផលិតឧបករណ៍ទាំងនោះនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់តែម្តង។ សូមបញ្ជាក់ជូនថា ដ្បិតតែក្រុមហ៊ុន Apple មានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏ពិតមែន តែក្រុមហ៊ុនមួយនេះបានបញ្ជាទិញឧបករណ៍ផ្សេងៗសម្រាប់ផ្គុំធ្វើជាកុំព្យូទ័រពីបណ្តាក្រុមហ៊ុនមួយចំនួននៅប្រទេសចិន ហើយក្រោយទិញបានឧបរកណ៍ទាំងនោះទើប Apple ដំឡើងកុំព្យូទ័រនៅទឹកដីអាមេរិកដោយប្រើបច្ចេកវិទ្យារបស់ខ្លួន ។

កាលពីសប្តាហ៍កន្លងទៅនេះក្រុមហ៊ុន Apple បានដាក់សំណើទៅកាន់រដ្ឋាភិបាលអាមេរិកសុំលើកលែងពន្ធចំពោះឧបករណ៍សម្រាប់ផលិតកុំព្យូទ័រ Mac Pro របស់ខ្លួនដែលមានតម្លៃសរុបប្រមាណជា ៦,០០០ ដុល្លារ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគឺ លោកប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ច្បាស់ហើយថា នឹងគ្មានការលើកលែងពន្ធនោះទេ ហើយលោកចង់ឲ្យក្រុមហ៊ុនផលិតឧបករណ៍ទាំងនោះនៅក្នុងអាមេរិកផ្ទាល់តែម្តង៕

អត្ថបទ៖ ភក្តី

Share This Post: