អ្នកស្រលាញ់សត្វចិញ្ចឹម សម្តែងការមិនពេញចិត្ត បន្ទាប់ពីមានការលក់សាច់ឆ្កែយ៉ាងគគ្រឹកគគ្រេងនៅតំបន់អង្គរវត្ត
ការទទួលទានសាច់ពិសេស (សាច់ឆ្កែ) កំពុងពេញនិយមពីសំណាក់មហាជនមួយចំនួន ហើយការលក់ដូរក៏កាន់តែបើកចំហរទាំងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តមួយចំនួន និងមានហាងឆេងខ្ពស់។ យ៉ាងណាមិញអ្នកស្រលាញ់សត្វចិញ្ចឹមសឹងតែទូទាំងពិភពលោក តាមប្រទេសនីមួយកំពុងតែមានយុទ្ធនាការរៀងៗខ្លួនក្នុងការតវ៉ា ដើម្បីបញ្ឈប់ឲ្យមានការសម្លាប់ បរិភោគសត្វឆ្កែ។
ក្នុងនោះក៏មានការបង្ហោះពីសំណាក់ End Dog Meat Trade Cambodia បានបង្ហាញភាពមិនពេញចិត្តចំពោះការលក់សាច់ពិសេសយ៉ាងគគ្រឹកគគ្រេងនៅតំបន់ទេសចរណ៍ ដោយបានសរសេររៀបរាប់ថា ៖ “សាច់ឆ្កែត្រូវបានដាក់លក់នៅកន្លែងល្បីឈ្មោះក្នុងតំបន់ក្នុងខេត្តសៀមរាប និងភ្នំពេញ ក៏ដូចជារូបភាពនៅតំបន់អង្គរវត្តយើងនេះដែរ។ តើអ្នកគិតយ៉ាងណាដែរ? ការអនុញ្ញាតអោយមានហាងលក់សាច់ឆ្កែនៅចំកណ្ដាលនៃតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាព និងតំបន់ទីផ្សារដែលមានការមមាញឹកគឺអាចធ្វើអោយមានផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិរបស់យើង។ វិស័យទេសចរណ៍បានរកចំណូលអោយជាតិយ៉ាងច្រើន ដូចឆ្នេះយើងមិនអាចអោយសកម្មភាពនៃការជួញដូរសត្វឆ្កែទាញសេដ្ឋកិច្ចយើងអោយធ្លាក់ចុះឡើយ។ ភ្ញៀវទេសចរណ៍ជាច្រើនដែលមិនចង់មកទស្សនាប្រទេសដែលអនុញ្ញាតអោយមានការសំលាប់សត្វឆ្កែនិងញាំឡើយ។ ភាពឃោឃៅទៅលើសត្វនឹងធ្វើអោយវិស័យទេសចរណ៍នៅក្នុងប្រទេសមួយទទួលរងទុក។ តើអ្នកគិតយ៉ាងណាដែរ?”។
យ៉ាងណាមិញក៏មានការលើកឡើងពីសំណាក់អ្នកលក់សាច់ពិសេស ថា ការលក់ដូរសាច់ពិសេសនេះមិនមែនជារឿងខុសច្បាប់ ដោយសារតែសត្វឆ្កែពុំមែនជាសត្វព្រៃ ហើយមុខរបរលក់សាច់ពិសេសនេះបានជួយដល់ជីវភាពដល់ពួកគាត់។ ទោះជាយ៉ាងណាក៏មានការស្រាវជ្រាវថាការបរិភោគសាច់ពិសេសនេះអាចបង្កឲ្យមានជំងឺជាច្រើន ប៉ះពាល់ដល់សុខភាពអ្នកនិយមទទួលទាន។
ក្នុងនោះផងដែលកន្លងទៅនេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ក៏ធ្លាប់មានប្រសាសន៍ថា ៖ “សុនខដែលបម្រើក្នុងវិស័យបោសសម្អាតមីន សុនខប្រឆាំងគ្រឿងញៀន សុនខសន្តិសុខ សុនខប្រឆាំងភេវរកម្ម សុនខកងទព័ សុនខគ្រួសារ ជាមិត្តភ័ក្តិ ជាមិត្តរួមអាវុធ ដ៏ស្មោះត្រង់បំផុត ពួកគេខិតខំហាត់ពុតលត់ដំតាំងពីតូចរហូតមានជំនាញច្បាស់លាស់និងមានសមត្ថភាពបំរេីមនុស្សលោក” ។ លោកក៏បានសំណូមពរឲ្យបងប្អូនមួយចំនួនបញ្ឈប់ជាបន្ទាន់ក្នុងការបរិភោគសាច់សុនខ ដោយលោកបានលើកឡើងថា៖ “អ្នកបរិភោគសាច់សុនខ ដូចបរិភោគសាច់កូនចៅមិត្តភ័ក្តិខ្លួនឯង ហេីយការបរិភោគសាច់សុនខនេះ វាក៏ប្រឆាំងទៅនឹងទំលៀមទំលាប់ វប្បធម៌ប្រពៃណីដ៍ល្អប្រពៃនៃជាតិសាសន៍ខ្មែរយេីងផងដែរ” ៕








ដោយ៖ ណារ៉ែន