Amazon មានដាក់លក់ខ្សែដៃឆក់ម៉្យាង ដែលអាចកែប្រែទម្លាប់អាក្រក់ គេងច្រើន ឬញ៉ាំច្រើន របស់អ្នកប្រើប្រាស់បាន
ប្រសិនបើអ្នកកំពុងពិបាកក្នុងការសម្រកទម្ងន់ ឬពិបាករឿងសន្សំប្រាក់ ដោយសារតែចេះតែចង់ទិញនេះទិញនោះឥតឈប់ឈរ ឧបករណ៍តូចមួយនេះអាចជួយអ្នកបាន។ សព្វថ្ងៃនេះក្រុមហ៊ុន Amazon កំពុងដាក់លក់ខ្សែដៃឈ្មោះថា Pavlok ដែលវានឹងជួយដោះស្រាយបញ្ហាជីវិតរបស់អ្នក មិនថាជាបញ្ហាអ្នកចំណាយពេលច្រើនពេកនៅលើអ៊ិនធឺរណែត ខាំក្រចកដៃ ឬគេងច្រើនពេកនោះទេ។ ចង់ដឹងអត់ថាតើឧបករណ៍នេះធ្វើការបែបណា ដើម្បីកាត់បន្ថយទម្លាប់មិនល្អរបស់អ្នក?

ខ្សែដៃ Pavlok ដែលមើលមួយភ្លែតដូចជានាឡិកាដៃមួយនេះ អាចនឹងធ្វើឱ្យអ្នកឆក់ជាមួយនឹងកម្លាំងអេឡិចត្រិក ៣៥០វុល ដើម្បីជាការព្រមានដល់អ្នក។ មួយវិញទៀតដៃគូរបស់អ្នកក៏អាចចូលរួមចំណែកជួយដាស់តឿនអ្នកបានដែរ ដោយគ្រាន់តែដោនឡូតកម្មវិធីរបស់ Pavlok ដាក់លើស្មាតហ្វូនរបស់ពួកគេ ដែលមានន័យថា ពួកគេអាចបញ្ជាឱ្យអ្នកឆកបាន នៅពេលដែលអ្នកញ៉ាំច្រើន ទិញអីវ៉ាន់ច្រើន ឬគេងហួសម៉ោងជាដើម។
បើយោងទៅតាមក្រុមហ៊ុន Behavioral Technology Inc ដែលជាអ្នកផលិតខ្សែដៃ Pavlok នេះបានឱ្យដឹងថា ខ្សែដៃឆក់របស់ពួកគេមានសមត្ថភាពអាចផ្សាភ្ជាប់ជាមួយទម្លាប់របស់អ្នកប្រើប្រាស់។ វាមិនប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់នោះទេ វាគ្រាន់តែធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួនប៉ុណ្ណោះ នៅពេលដែលអ្នកទប់អារម្មណ៍ដូចជា៖ ញ៉ាំច្រើន គេងច្រើន ឬទិញច្រើនមិនបាន។ វាមានតម្លៃ ១៩៩ដុល្លារអាមេរិក និងមានកម្លាំងឆក់ទៅតាមដែលយើងដាក់ពី ០ ទៅ ១០០ភាគរយ៕




អត្ថបទ៖ លីដា