ហួសហេតុ ! គ្រាន់តែគ្រវាសសក់ត្រូវដៃសោះបុរសចំណាស់ម្នាក់ប្រកាន់ដល់ថ្នាក់ ហ៊ានយកទឹកស៊ុបក្តៅទៅជះលើមុខគេវិញ
ប្រទេសចិន ៖ មនុស្សសុទ្ធតែដឹងហើយថាខឹងខុសខឹងខាត តែយ៉ាងណានៅតែមានមនុស្សមួយចំនួនមិនអាចទប់ចិត្តខឹងរបស់ខ្លួនបានហើយទៅប្រព្រឹត្តរឿងរ៉ាវនឹកស្មានមិនដល់ទៀត។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងហួសចិត្តមួយ ដែលបុរសចំណាស់ម្នាក់យកទឹកស៊ុបក្តៅជះទៅលើនារីម្នាក់ដោយគ្រាន់តែនាងគ្រវាសសក់ត្រូវដៃរបស់គាត់។ បុរសចំណាស់ចិត្តខ្លាំងម្នាក់នេះមានឈ្មោះ Huang វ័យ៥០ឆ្នាំ រីឯនារីរងគ្រោះឈ្មោះ Chen វ័យ២៣ឆ្នាំ អ្នកទាំងពីរអង្គុយនៅជិតគ្នាក្នុងហាងស៊ុបមួយកន្លែង។ តាមប្រភពបានអោយដឹងថា Chen បានគ្រវាសសក់របស់នាងទៅត្រូវដៃរបស់លោក Huang គាត់ក៏បានស្រែកស្តីអោយនាងយ៉ាងខ្លាំង។
ដោយមិនអាចទ្រាំនឹងសម្តីលោក Huang ស្រ្តីរងគ្រោះនាងក៏បានព្យាយាមប្រកែកជាមួយគាត់ តែវាមិនបានធ្វើអោយល្អប្រសើរឡើយ។ វាបានធ្វើអោយលោក Huang កាន់តែខឹងរហូតដល់លើកចានដាក់ទឹកស៊ុបក្តៅជះទៅលើមុខរបស់នាង។ ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បុគ្គលិកទីនោះបានព្យាយាមជួយសម្រុះសម្រួលតែលោក Huang នៅតែបន្តមានកំហឹង។ បុគ្គលិកបានយកទឹកកកអោយ Chen ស្អំលើផ្ទៃមុខតែមុខរបស់នាងផ្តើមក្រហមហើយឡើងពងគេក៏បានបញ្ចូននាងទៅកាន់មន្ទីពេទ្យ។ បើទោះបីជាលោក Huang សម្តតែងការសោកស្តាយយ៉ាងជ្រាលជ្រៅ និងបានសុំទោសហើយក៏ដោយ Chen នាងមិនបានប្តូរចិត្តក្នុងការដាក់ពាក្យបណ្តឹងលើគាត់នោះទេ៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖
អត្ថបទ ៖ Mali
ប្រភព ៖ nextshark