សហរដ្ឋអាមេរិក និងចិន គ្រោងនឹងបើកកិច្ចពិភាក្សាពាណិជ្ជកម្មជាថ្មីម្ដងទៀតនៅថ្ងៃអង្គារ
សហរដ្ឋអាមេរិក និងចិនគ្រោងនឹងបើកកិច្ចពិភាក្សាពាណិជ្ជកម្មជាថ្មីម្ដងទៀត ហើយកិច្ចពិភាក្សាថ្នាក់រដ្ឋមន្រ្តីនឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានយល់ព្រមគ្នាកាលពីខែមុន ដើម្បីចរចារឡើងវិញនូវកិច្ចពិភាក្សាដែលបានជាប់គាំងមកជាយូរ។

អ្នកតំណាងពាណិជ្ជកម្មលោក Robert Lighthizer និងរដ្ឋមន្រ្តីក្រសួងរតនាគារលោក Steven Mnuchin នឹងធ្វើជាតំណាងឱ្យសហរដ្ឋអាមេរិក ខណៈឧបនាយករដ្ឋមន្ត្រីចិនលោក Liu He នឹងតំណាងឱ្យប្រទេសចិន នៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងសៀងហៃខាងមុខនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនក៏បានរាយការណ៍កាលពីថ្ងៃអាទិត្យដែរថា ក្រុមហ៊ុនចិនបានទិញសណ្តែកសៀងពីអាមេរិករាប់លានតោន ទៅតាមការសន្យារបស់ពួកគេ ដែលថានឹងទិញផលិតផលកសិកម្មរបស់អាមេរិក។ ហើយប្រទេសចិនក៏ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការនាំចូលសាច់ជ្រូក និងស្រូវសាលីពីសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទ៖ លីដា