ការសិក្សាបង្ហាញថា ស្រាក្រហមអាចជួយប្រឆាំងនឹងភាពស្ដ្រេស និងការបាក់ទឹកចិត្ត
ជាការពិតណាស់! ការរំសាយអារម្មណ៍ជាមួយនឹងភេសជ្ជៈ ឬគ្រឿងស្រវឹងតិចតួច បន្ទាប់ការងារពេញមួយថ្ងៃ គឺជាអ្វីដែលយើងគ្រប់គ្នាចូលចិត្ត។ ដោយមានអ្នកខ្លះគាត់ចូលចិត្តផឹកស្រាក្រហមមួយកែវ ដើម្បីរំសាយភាពតានតឹងផ្សេងៗ ប៉ុន្តែពួកគាត់អាចនឹងមិនចាប់អារម្មណ៍ទេថា ស្រាក្រហមអាចមានគុណប្រយោជន៍ចំពោះសុខភាព។ យ៉ាងណាមិញនេះអាចជាដំណឹងល្អ ដោយសារការស្រាវជ្រាវថ្មីរបស់សាកលវិទ្យាល័យ University of Buffalo របស់អាមេរិក និង Xuzhou Medical នៅក្នុងប្រទេសចិន បានរកឃើញថា សារធាតុនៅក្នុងស្រាក្រហមអាចប្រឆាំងនឹងភាពស្ដ្រេស និងការបាក់ទឹកចិត្តបាន។

ការសិក្សាដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Science Direct បាននិយាយថា សមាសធាតុរុក្ខជាតិ resveratrol ត្រូវបានរកឃើញនៅក្នុងស្រាក្រហម។ ហើយសមាសធាតុនេះត្រូវបានគេរកឃើញជាទូទៅនៅក្នុងផ្លែប៊ឺរី និងសំបកទំពាំងបាយជូរ ហើយវាត្រូវបានគេបង្ហាញថា មានប្រសិទ្ធភាពក្នុងការទប់ស្កាត់អង់ស៊ីម ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងភាពស្ត្រេសនៅក្នុងខួរក្បាល។
ការស្រាវជ្រាវនេះត្រូវបានធ្វើតេស្តទៅលើសត្វកណ្តុរ ដែលពោរពេញដោយអរម៉ូន corticosterone ដែលជាអរម៉ូនគ្រប់គ្រងការឆ្លើយតបនឹងភាពស្ត្រេសនៅក្នុងសត្វកណ្តុរ និងមនុស្ស។ ពួកគេបានឱ្យសត្វកណ្តុរនូវសារធាតុ Resveratrol កម្រិតខ្ពស់ ដើម្បីទប់ស្កាត់អង់ស៊ីម phosphodiesterase 4 (PDE4) ដែលមានភាពផ្សារភ្ជាប់ជាមួយនឹងអរម៉ូន corticosterone ហើយសត្វកណ្តុរដែលមានជំងឺរសាប់រសល់ត្រូវបានគេរកឃើញថា មានភាពរីករាយឡើងវិញ។
ទោះយ៉ាងណាក៏ដោយអ្នកស្រាវជ្រាវបាននិយាយថា ទំនាក់ទំនងរបស់ resveratrol ជាមួយនឹង PDE4 នៅតែមិនទាន់ច្បាស់លាស់ពេញលេញនៅឡើយទេ។ ប៉ុន្តែពួកគេបញ្ជាក់ថា ស្ត្រេសច្រើនពេកអាចនាំឱ្យរាងកាយផលិតអរម៉ូន corticosterone ច្រើននៅក្នុងខួរក្បាល ហើយនេះអាចនាំឱ្យមានការវិវត្តនៃជំងឺបាក់ទឹកចិត្ត ការថប់បារម្ភ ឬជំងឺផ្លូវចិត្តផ្សេងទៀត។ យ៉ាងណាក៏ដោយការរកឃើញថ្មីទាំងនេះអាចជួយបំភ្លឺពីរបៀបដែល resveratrol មានឥទ្ធិពលដល់ដំណើរការនៃប្រព័ន្ធសរសៃប្រសាទ ហើយអាចនាំឱ្យមានថ្នាំព្យាបាល ដែលអាចមានប្រសិទ្ធភាពជាងមុន សម្រាប់អ្នកដែលមានបញ្ហាទាំងនេះ៕

អត្ថបទ៖ លីដា