មន្ត្រីកាំកុងត្រូល រកឃើញម្ទេសមានផ្ទុកសារធាតុគីមីសំណល់ថ្នាំសំលាប់សត្វល្អិត ដែលបានដាក់លក់នៅផ្សារអូរឬស្សី និងផ្សារដើមគរ
នៅថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ០២ ខែសីហា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខារាជធានីភ្នំពេញ ដោយមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារដើមគរ និងផ្សារអូរឬស្សី រាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព និងទំនិញដែលមានហានិភ័យខ្ពស់ ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ចែកចាយលើទីផ្សារ ជាពិសេសផ្តោតទៅលើម្ទេសគ្រប់ប្រភេទ និងបន្លែផ្សេងៗ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារ ចំនួន ៤០គំរូ ហើយបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផលនៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានរកឃើញផលិតផលទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួន ដូចជា៖
+ ផ្សារអូរឬស្សី (ទំនិញមានសំណល់ថ្នាំសំលាប់សត្វល្អិត)
– ម្ទេសហាវៃព៌ណលឿង ចំនួន ១.២ គីឡូក្រាម
– ម្ទេសពណ៌ខៀវ ចំនួន ១.៧ គីឡូក្រាម
+ ផ្សារដើមគ (ទំនិញមានសំណល់ថ្នាំសំលាប់សត្វល្អិត)
– ផ្កាខ្ទឹម ចំនួន ០.៥ គីឡូក្រាម
– ម្ទេសហាវៃពណ៌លឿង ចំនួន ២ គីឡូក្រាម
សរុបទំនិញដកហូតបានប្រហែល ចំនួន ៥.៤ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកមកកម្ទេចចោលភ្លាមៗនៅនឹងកន្លែង និងបានឱ្យម្ចាស់ធ្វើកិច្ចសន្យាបញ្ឈប់ការទទួលលក់បន្តទៀត ហើយបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕



ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល