ប្រធានាធិបតីហ្វីលីពីនបញ្ជាឲ្យបិទកន្លែងលេងហ្គេមស៊ីសង កន្លែងភ្នាល់ល្បែង និងចាក់ឆ្នោតរាប់ពាន់កន្លែង
ហ្វីលីពីន៖ លោកប្រធានាធិបតីហ្វីលីពីន រ៉ូទ្រីហ្គោ ឌុយទែរតេ បានសម្រេចបញ្ជាឲ្យបិទកន្លែងផ្ដល់សេវាលេងហ្គេម កន្លែងភ្នាល់ល្បែង និងចាក់ឆ្នោតគ្រប់រូបភាពរាប់ពាន់កន្លែង ដើម្បីប្រឆាំងនឹងអំពីពុករលួយ និងអសណ្ដាប់ធ្នាប់សង្គម ដែលកើតចេញពីវិស័យទាំងនេះ។ តាមការបញ្ជាក់របស់ប្រធានាធិបតីវ័យ ៧៤ ឆ្នាំ រូបនេះបានឲ្យដឹងថា កន្លែងដែលគេត្រូវបិទនោះរួមមាន កម្មវិធីឆ្នោតជាតិហ្វីលីពីន ដែលមានឈ្មោះថា Philippine Charity Sweepstake Office (PCSO) ចំនួន ៥,០០០ កន្លែង, កន្លែងលេងហ្គេមរបស់ក្រុមហ៊ុន Keno ចំនួន ៤៧២ កន្លែង, កន្លែងភ្នាល់ល្បែងរបស់ក្រុមហ៊ុន Peryahan ng Bayan (PNB) ចំនួន ២,១៩៥ កន្លែង និងកន្លែងចាក់ឆ្នោតតូចៗចំនួន ១៣,៣២០ កន្លែង ដែលកំពុងដំណើរការយ៉ាងសកម្មនៅតាមតំបន់ផ្សេងៗទូទាំងប្រទេសហ្វីលីពីន។
ការសម្រេចបិទអាជីវកម្មខាងលើនេះ នឹងធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងវិស័យទាំងនេះប្រមាណជា ៣០០,០០០ នាក់ផងដែរ ពោលគឺពួកគេត្រូវប្រឈមនឹងការបាត់បង់ការងារ។ តាមរបាយការណ៍បានបង្ហាញថា វិស័យខាងលើនេះបានបង្កើតឲ្យមានចរន្តសាច់ប្រាក់ប្រមាណជា ១ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ។ បើទោះជាវាបង្កើតឲ្យមានចរន្តសាច់ប្រាក់ច្រើនក៏ពិតមែន តែលោក រ៉ូទ្រីហ្គោ ឌុយទែរតេ បានបញ្ជាក់ថាត្រូវតែលុបចោលវិស័យនេះដើម្បីភាពស្អាតស្អំ និងសណ្ដាប់ធ្នាប់សង្គម៕

អត្ថបទ៖ ភក្តី