រំជួលចិត្តណាស់! ប្តីប្រពន្ធវ័យចំណាស់១គូសុំវេជ្ជបណ្ឌិតជួប និងកាន់ដៃគ្នាជាលើកចុងក្រោយ មុនពេលវះកាត់ ព្រោះខ្លាចវះកាត់ហើយលែងបានជួបគ្នារៀងរហូត
ចិន៖ ក្តីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ប្តីប្រពន្ធវ័យចំណាស់មួយគូ កំពុងតែធ្វើឲ្យក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមមានការរំជួលចិត្តជាខ្លាំង បន្ទាប់ពីពួកគាត់ស្នើសុំវេជ្ជបណ្ឌិតឲ្យជួយសម្រេចក្តីស្រមៃចុងក្រោយនៃជីវិតរបស់ពួកគាត់ គឺពួកគាត់ចង់កាន់ដៃគ្នាបន្តិចមុនពេលបញ្ជូនពួកគាត់ទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ធ្វើការវះកាត់ដោយមិនដឹងច្បាស់ថាការវះកាត់នោះជោគជ័យឬអត់ទេ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យ Hong Kong-Shenzhen ក្នុងក្រុងហុងកុង ប្រទេសចិន។ ប្តីប្រពន្ធទាំងពីរនាក់នេះមានអាយុ ៥៧ ឆ្នាំ ដូចគ្នា ហើយខាងប្តីមានឈ្មោះថា Gao មានជំងឺបេះដូង ចំណែកឯខាងប្រពន្ធវិញមានឈ្មោះថា Peng មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ។

ស្ថានភាពសុខភាពប្តីប្រពន្ធទាំងពីរនាក់នេះគឺដល់ដំណាក់ចុងក្រោយដូចគ្នា ហើយការសម្រេចចិត្តធ្វើការវះកាត់នេះ មិនប្រាកដថាអាចជួយព្យាបាលឲ្យពួកគាត់ជាសះស្បើយវិញបាននោះទេ តែបើមិនធ្វើការវះកាត់គឺពួកគាត់ប្រឈមនឹងការស្លាប់ខ្ពស់ណាស់។ ដោយដឹងពីស្ថានភាពខ្លួនឯង មុនពេលធ្វើការវះកាត់ខណៈដែលពួកគាត់ត្រូវបានបញ្ជូនទៅដល់បន្ទប់សង្គ្រោះបន្ទាន់ហើយនោះ ស្រាប់តែពួកគាត់បានប្រាប់វេជ្ជបណ្ឌិតដូចគ្នាថា ពួកគាត់ចង់ជួបគ្នា និងកាន់ដៃគ្នាបន្ដិច ព្រោះវាអាចជាលើកចុងក្រោយរបស់ពួកគាត់ហើយ។ ការស្នើសុំដ៏រំជួលចិត្តបានធ្វើឲ្យក្រុមវេជ្ជបណ្ឌិតឆ្លៀតនាំពួកគាត់ឲ្យបានជួបគ្នានៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ប្រមាណជា ១០ នាទី មុនពេលបំបែកពួកគាត់ឲ្យនៅក្នុងបន្ទប់វះកាត់ផ្សេងគ្នាវិញ។ រហូតមកទល់នឹងពេលនេះពួកគេនៅមិនទាន់ដឹងខ្លួននៅឡើយទេ ហើយក្រោយពេលដឹងខ្លួនពួកគាត់អាចគ្រាន់តែមានដង្ហើមសម្រាប់រស់ តែលែងមានស្មារតីដូចមនុស្សធម្មតាហើយ៕

អត្ថបទ៖ ភក្តី