ចាំមុខជើងខ្លាំងដែលផ្ញើគ្រាប់បែកទៅក្រុមប្រជាធិបតេយ្យម្នាក់នេះទេ? ពេលនេះគាត់ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ
Cesar Sayoc មកពីរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលធ្លាប់បានបញ្ជូនគ្រាប់បែកបំពង់ទៅឱ្យទូរទស្សន៍ CNN និងក្រុមបក្សប្រជាធិបតេយ្យ ត្រូវបានគេផ្តន្ទាទោសហើយកាលពីថ្ងៃច័ន្ទនេះ ដោយត្រូវជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ។ Cesar Sayoc បានសារភាពទទួលកំហុសកាលពីខែមីនា ទាក់ទងនឹងការបញ្ជូនគ្រាប់បែកបំពង់ចំនួន ១៦ ទៅកាន់គោលដៅរួមមាន៖ លោក George Soros, អ្នកស្រី Kamala Harris, លោក Cory Booker, អតីតប្រធានាធិបតីលោក Barack Obama, លោក Bill និងលោកស្រី Hillary Clinton, អ្នកស្រី Maxine Waters, លោក Robert De Niro និងអតីតអនុប្រធានាធិបតីលោក Joe Biden ។

ព្រះរាជអាជ្ញាសហព័ន្ធដំបូងឡើយមានបំណងចង់ឱ្យគាត់ជាប់នៅក្នុងពន្ធនាគារពេញមួយជីវិតដោយលើកហេតុផលថា គាត់មានប្រវត្តិព្រហ្មទណ្ឌយ៉ាងច្រើន ហើយមិនបានបង្ហាញវិប្បដិសារីចំពោះសកម្មភាពរបស់គាត់នោះទេ។ ជនល្មើស Sayoc ក៏ធ្លាប់បានគំរាមកំហែងដល់ជនរងគ្រោះជាច្រើន នៅលើបណ្តាញសង្គម កាលពីដើម ឆ្នាំ២០១៦ ។ យ៉ាងណាក៏ដោយពេលនេះ Sayoc បានសុំទោសចំពោះសកម្មភាពរបស់គាត់ នៅឯតុលាការក្នុងទីក្រុងញូវយ៉ក ហើយគាត់បាននិយាយថា គាត់ពិតជាឆ្កួត គាត់សោកស្ដាយដែលមិនស្ដាប់តាមពាក្យម្ដាយបានប្រាប់។
ចំណែកខាងមេធាវីការពារក្តីរបស់ Cesar Sayoc បានស្នើសុំឱ្យមានការកាត់ទោស ១០ឆ្នាំ និងមួយខែ។ ដោយសារនៅក្នុងអនុស្សរណៈនៃការកាត់ទោសមេធាវីការពារក្តីបានអះអាងថា Sayoc បានទទួលរងឥទ្ធិពលពីជំងឺផ្លូវចិត្ត ដែលកើតឡើងដោយការប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីដច្រើនពេក ដែលធ្វើឱ្យគាត់ងប់នឹងលោក ដូណាល់ ត្រាំ បែបនេះ៕




អត្ថបទ៖ លីដា