លោក Donald Trump ចង់លុបបំបាត់ហ្គេមបែបបាញ់ប្រហារគ្នា ព្រោះវាជាហេតុផលមួយជំរុញឲ្យមានការបាញ់រះលើហ្វូងមនុស្សមែនទែន
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Donald Trump បានមានប្រសាសន៍ថា វីដេអូហ្គេមបែបបាញ់ប្រហារគ្នាអាចជាហេតុផលមួយ ដែលជំរុញឲ្យមានការបាញ់សម្លាប់ទៅលើហ្វូងមនុស្សជាក់ស្តែងផងដែរ។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញទៅធ្វើសុន្ទរកថាមួយស្តីអំពី “ការបាញ់ប្រហារពីសំណាក់ក្រុមបាតុករទៅកាន់ហ្វូងមនុស្សស្លូតត្រង់”។
លោកបានបន្តថា ការលេងហ្គេមបែបបាញ់ប្រហារគ្នាយូរៗទៅបានជំរុញឲ្យជនអគតិមួយចំនួនកើតចិត្តចង់ធ្វើការបាញ់ប្រហារដូចក្នុងវីដេអូហ្គេមដែរ ហើយជនដែលខ្វះការពិចារណា ឬជនដែលស្ថិតក្រោមឥទ្ធិពលគ្រឿងញៀនមួយចំនួន ក៏បានចម្រេចចិត្តធ្វើការបាញ់ប្រហារនោះមែនទែនតែម្តង។ ប្រធានាធិបតីវ័យ ៧៣ ឆ្នាំរូបនេះបានបន្តទៀតទេ រូបភាពនៃការជំរុញឲ្យមានគំនិតហឹង្សា ឬការបាញ់ប្រហារ មិនគួរទុកឲ្យមានជាសាធារណៈនៅក្នុងសង្គមនោះទេ ដូចជាវីដេអូហ្គេមបែបបាញ់ប្រហារគ្នាជាដើមគួរតែត្រូវលុបបំបាត់ចោល ឬត្រូវលក់ដោយតឹងរឹងបំផុតមិនមែនមនុស្សគ្រប់គ្នាអាចទិញវាដោយសេរីនោះទេ។
យ៉ាងណាក្តី វិធានការជាក់លាក់ជុំវិញការលើកឡើងនេះនៅមិនទាន់ត្រូវបានលោក Donald Trump បញ្ជាក់លំអិតនៅឡើយទេ តែគេរំពឹងថារដ្ឋាភិបាលអាមេរិកនឹងបង្កើតច្បាប់ ឬវិធានការជាក់លាក់ណាមួយក្នុងពេលដ៏ឆាប់នេះ។ សូមបញ្ជាក់ថា វីដេអូហ្គេមបែបបាញ់ប្រហារគ្នាទទួលបានប្រជាប្រិយភាពបំផុតក្នុងពេលបច្ចុប្បន្ននេះ ហើយគេអាចលេងវាតាមរយៈទូរស័ព្ទដៃ កុំព្យូទ័រ ឬម៉ាស៊ីនលេងហ្គេមនៅតាមផ្ទះបានយ៉ាងងាយ។ គួររម្លឹកជូនផងដែរថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះមានករណីបាញ់រះមួយបានកើតឡើងនៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក និងបានបង្កមានមនុស្សចំនួន ២០ នាក់បានស្លាប់ផងដែរ៕
អត្ថបទ៖ ភក្តី


