ក្រសួងប្រកាសពីការប្រែប្រួលអាកាសធាតុដ៏លឿន ដែលមិនធ្លាប់ជួបប្រទះពីមុន
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា នេះទៅ ស្ថានភាពក្នុងតំបន់មានការផ្លាស់ប្តូរយ៉ាងលឿន ស្នើរតែអាចនិយាយបានថា មិនដែលធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមកនេះ ដោយមានព្យុះ៣គឺ ព្យុះឈ្មោះ ហ្វ្រង់ស៊ីកូ, ព្យុះ ឡេគីម៉ា និងព្យុះ ក្រសារ បានកើតឡើងនៅសមុទ្រប៉ាស៊ីហ្វីកខាងកើតហ្វីលីពីន។
ហើយប្រព័ន្ធសម្ពាធទាប (ITCZ) ដែលសាតសន្ធឹកលើប្រទេសថៃ ឡាវ និងវៀតណាម ដែលខាងចុងកន្លងមកភ្ជាប់នឹងសម្ពាធទាប បច្ចុប្បន្នសម្ពាធទាបបានបំប្លែងខ្លួនទៅជាវិសម្ពាធសកម្ម ហើយក៏បានអូសទាញដោយប្រព័ន្ធព្យុះទាំង៣ ដូចខាងលើ ដែលលក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅកម្ពុជាមានការប្រែប្រួល៖
+ ភ្លៀងនៅបន្តធា្លក់ដដែល គ្រាន់តែនៅតំបន់មាត់សមុទ្រ ភ្លៀង ខ្យល់ នៅតែបន្តកើតមាន និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់
+ បណ្តាខេត្តដែលស្ថិតនៅជាប់នឹងព្រំប្រទល់វៀតណាម បរិមាណភ្លៀងនឹងកើនឡើងខ្លាំង ពិសេសខេត្តក្រចេះ និងត្បូងឃ្មុំ ដែលអាចបង្កឲ្យមានជាជំនន់ទឹកភ្លៀង
+ កម្លាំងខ្យល់នៅមានកម្រិតខ្លាំងដដែល គឺ ១៥-២០ម៉ែត្រក្នុងមួយវិនាទី

អត្ថបទ៖ សេម