ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មាន់ចំនួន ១០,៥០០ក្បាល ត្រូវបានសម្លាប់ចោល នៅភាគខាងត្បូងប្រទេសវៀតណាម បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី

    BY autoadmin August 7, 2019
    មាន់ចំនួន ១០,៥០០ក្បាល ត្រូវបានសម្លាប់ចោល នៅភាគខាងត្បូងប្រទេសវៀតណាម បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី

    យោងតាមសារព័ត៌មានស៉ីនហួរបានឱ្យដឹងថា ខេត្ត Ba Ria Vung Tau ភាគខាងត្បួងនៃប្រទេសវៀតណាម បានផ្ទុះឡើងនូវជំងឺផ្តាសាយបក្សីប្រភេទ H5N6 ជាលើកដំបូង ដែលបណ្តាលឱ្យសត្វមាន់ចំនួន ១០,៥០០ក្បាល ត្រូវស្លាប់។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានដកស្រង់សម្តីរបស់មន្ទីរបសុសត្វ និងសុខភាពសត្វខេត្តថា ការផ្ទុះឡើងនៃជំងឺនេះត្រូវបានគេប្រទះឃើញនៅឃុំចំនួន ២ នៅក្នុងស្រុក Xuyen Moc កាលពីថ្ងៃទី ៣១ ខែកក្កដា និងថ្ងៃទី០១ ខែសីហា ហើយបន្ទាប់មកការធ្វើតេស្តក៏បានបញ្ជាក់ថា មាន់មួយចំនួនពិតជាបានឆ្លងវីរុសផ្តាសាយបក្សីមែន។

    ភ្នាក់ងារក្នុងតំបន់ពាក់ព័ន្ធបានធ្វើការសម្លាប់មាន់ចិញ្ចឹមចំនួន ១០,៥០០ក្បាល ដែលចិញ្ចឹមដោយគ្រួសារចំនួន ២ ក្នុងឃុំចំនួន ២ ក្នុងស្រុក Xuyen Moc ក៏ដូចជាសម្លាប់មេរោគនៅតំបន់ជុំវិញ និងចាក់វ៉ាក់សាំងឱ្យសត្វបក្សីផងដែរ។ កាលពីចុងខែកក្កដាក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបាននិយាយថា ការផ្ទុះជំងឺផ្តាសាយបក្សី H5N6 និង H5N1 ត្រូវបានគេរាយការណ៍នៅក្នុងឃុំចំនួន ១៣ នៃមូលដ្ឋានចំនួន ១១ ចាប់តាំងពីដើមឆ្នាំ ២០១៩ ដែលបណ្តាលឱ្យមានការសម្លាប់សត្វបក្សីជាង ២៣,០០០ ក្បាល។

    ជំងឺផ្តាសាយបក្សីត្រូវបានគេព្យាករណ៍ថា នឹងរីករាលដាលយ៉ាងខ្លាំងនៅប៉ុន្មានខែទៀតនៃឆ្នាំនេះ ដោយសារការផ្លាស់ប្តូរអាកាសធាតុ និងការដឹកជញ្ជូនសត្វបក្សីយ៉ាងលឿននៅមុនថ្ងៃឈប់សម្រាកចូលឆ្នាំចិន។ ប្រទេសវៀតណាមបានរកឃើញវីរុសផ្តាសាយបក្សីប្រភេទ H5N1 ដំបូងនៅក្នុងខែធ្នូ ឆ្នាំ២០០៣ លើមនុស្ស និងសត្វបក្សី។ សត្វបក្សីជាង ៤៥លានក្បាល នៅប្រទេសវៀតណាមត្រូវបានគេសម្លាប់ក្នុងចន្លោះ ឆ្នាំ២០០៣ និង ២០០៦។ ចាប់តាំងពីពេលនោះមក សត្វបក្សីរាប់រយរាប់ពាន់ក្បាលត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំ៕

    អត្ថបទ៖ លីដា

    Share This Post: