UNCTAD និងសាលាពាណិជ្ជសាស្ត្រ Alibaba ផ្តល់អាហារូបករណ៍គំនិតផ្តួចផ្តើម eFounders សម្រាប់សហគ្រិន អាស៊ី វគ្គទី២ នេះ មានសិក្ខាកាមចំនួន៣៧នាក់ ផ្អែកតាមកម្មវិធីសម្ពោធវគ្គបណ្តុះបណ្តាលសម្រាប់សហគ្រិន អាហ្វ្រិក កាលពីឆ្នាំ ២០១៧ កន្លងទៅ
ទីក្រុងហ្សឺណែវ ប្រទេសស្វីស/ទីក្រុងហានចូវ ប្រទេសចិន-ថ្ងៃទី២៦ មីនា ២០១៨៖ សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) និងសាលាពាណិជ្ជ សាស្ត្រ Alibaba នៅថ្ងៃនេះ បានប្រកាសឲ្យមានការចុះឈ្មោះចូលរៀនក្នុងវគ្គបណ្តុះបណ្តាលសម្រាប់សហគ្រិន អាស៊ី ជាលើកដំបូងចំនួន ៣៧នាក់ ក្នុងកម្មវិធីគំនិតផ្តួចផ្តើមeFounders ដែលត្រូវបានធ្វើឡើងនៅបរិវេណសាលា Alibaba នាទីក្រុងហានចូវ ប្រទេសចិន។
វគ្គបណ្តុះបណ្តាលដែលមានរយៈពេល ១១ថ្ងៃនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់លោក Jack Ma ស្ថាបនិក និងជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba Group និងជាទីប្រឹក្សាពិសេសរបស់ UNCTAD ក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិអំណាចដល់សហគ្រិនចំនួន ១០០០នាក់ ដែលមកពីបណ្តាប្រទេសកំពុងអភិវឌ្ឍក្នុងរយៈពេល៥ឆ្នាំ។
ការដាក់ឲ្យដំណើរការកម្មវិធីដំបូងសម្រាប់សហគ្រិន អាស៊ី នេះ កើតមានឡើងបន្ទាប់ពីការទទួលបានជោគជ័យនៃការបើកវគ្គសិក្សាបែបនេះដល់សិក្ខាកាមអាហ្វ្រិកចំនួន ២៤នាក់រួចមកហើយកាលពីខែវិច្ឆិកាកន្លងទៅ។

ឆ្លងកាត់ការជ្រើសរើសយ៉ាងម៉ត់ចត់ជាទីបំផុត បេក្ខជនចុងក្រោយមកពីប្រទេសកម្ពុជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន ហ្វីលីពីន ថៃ និងប្រទេសវៀតណាម នឹងចាប់ផ្តើមចូលរៀនក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ១១ថ្ងៃ ដែលផ្តល់នូវគំនិតច្នៃប្រឌិតផ្នែកពាណិជ្ជកម្មអេឡិចត្រូនិចពីប្រទេសចិន និងបណ្តាប្រទេសជុំវិញពិភពលោក ហើយពួកគេនឹងក្លាយជាកម្មសិក្សាការីរបស់គំនិតផ្តួចផ្តើម eFounders ។
មិនត្រឹមតែប៉ុណ្ណោះ សិក្ខាកាមទាំងអស់ក៏នឹងក្លាយទៅជាកម្លាំងចលករដ៏សំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ពួកគេ ដើម្បីជំរុញការផ្លាស់ប្តូរទៅជាប្រព័ន្ធសេដ្ឋកិច្ចឌីជីថលផងដែរ។
ភាពជាដៃគូដ៏ឆ្លាតវៃ
លោកស្រី Arlette Verploegh អ្នកសម្របសម្រួលកម្មវិធីគំនិតផ្តួចផ្តើម eFounders របស់ UNCTAD បាននិយាយថា«យើងចង់ជួយយុវជនឱ្យចូលរួមចំណែកក្នុងការងារដែលយើងធ្វើដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ គំនិតផ្តួចផ្តើមនេះ គឺផ្តោតលើបំពេញចន្លោះប្រហោងឌីជីថលសម្រាប់សហគ្រិនវ័យក្មេង និងស្វែងរកនូវសក្តានុពលរបស់ពួកគេ។ វាជាផ្នែកមួយនៃភាពជាដៃគូឆ្លាតវៃរបស់ UNCTAD ដែលបង្កើតដើម្បីឈានទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។»
សិក្ខាកាមទាំងអស់គឺជាស្ថាបនិកនៃក្រុមហ៊ុនដែលទើបតែចាប់ផ្តើមអាជីវកម្មរបស់ពួកគេដំបូង ដែលមានកម្រិតចាប់ពីពាណិជ្ជកម្មអេឡិចត្រូនិច ទិន្នន័យធំៗ ការដឹកជញ្ជូន បច្ចេកវិទ្យាក្នុងទូទាត់ឥណទានហិរញ្ញវត្ថុ និងទេសចរណ៍ជាដើម។
«យើងពិតជាមានសេចក្តីរំភើបរីករាយខ្លាំងណាស់ក្នុងការពង្រីកកម្មវិធីអាហារូបករណ៍នេះឲ្យទៅដល់សហគ្រិនជាច្រើនទៀតមកពីតំបន់អាស៊ីជាលើកដំបូង ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សិទ្ធិអំណាចដល់ម្ចាស់ជើងឯកឌីជីថល និងសហគមន៍នៅជុំវិញពិភពលោក។» នេះជាការថ្លែងរបស់លោក Brian A. Wong អនុប្រធានក្រុមហ៊ុនAlibaba Group ដែលដឹកនាំកម្មវិធីគំនិតផ្តួចផ្តើមជាសកលមួយនេះ។
លោកបន្តថា «គោលដៅរបស់យើងគឺដើម្បីជំរុញ និងលើកកម្ពស់សហគ្រិនឱ្យក្លាយជាអ្នកត្រួសត្រាយផ្លូវសម្រាប់ការកសាងនូវគំរូអភិវឌ្ឍន៍មួយដែលមិនត្រឹមតែសម្រាប់អាជីវកម្មរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលប្រយោជន៍ដល់សង្គមផងដែរតាមរយៈការបង្កើតវេទិកាជាច្រើនដែលទាំងអស់គ្នាអាចចូលរួម និងទទួលបានផលប្រយោជន៍ជាច្រើនពីកិច្ចការងារទាំងឡាយនេះ។»
ដោយឈរលើស្មារតីនៃរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពកម្មវិធីនេះ ត្រូវបានធ្វើឡើងស្របតាមការអំពាវនាវយ៉ាងទូលំទូលាយដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវបានទូកចោលនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថលនោះទេ ហើយក៏ដើម្បីជួយកាត់បន្ថយគម្លាតឌីជីថលដែលក្រុមហ៊ុនអាជីវកម្មជាច្រើននៅក្នុងទីផ្សារបាននឹងកំពុងជួបប្រទះផងដែរ។
ដោយមានកិច្ចសហការរៀបចំរួមគ្នារវាងអង្គការ UNCTAD និងសាលាពាណិជ្ជសាស្រ្ត Alibaba គំនិតផ្តួចផ្តើម efounders ក៏បានចូលរួមគាំទ្រដល់បេសកកម្មរបស់ Alibabaផងដែរដើម្បីជួយដល់អាជីវកម្មខ្នាតតូចទាំងអស់ឲ្យទទួលបានជោគជ័យទាំងនៅទីផ្សារក្នុងស្រុកទាំងនៅទីផ្សារក្រៅប្រទេស។ គំនិតផ្តួចផ្តើមនេះ ត្រូវបានប្រកាសជាលើកដំបូងកាលពីឆ្នាំ២០១៧ ដោយលោកJack Ma ក្នុងនាមលោកជាទីប្រឹក្សាពិសេសរបស់ UNCTAD សម្រាប់សហគ្រិនវ័យក្មេង និងអាជីវកម្មខ្នាតតូច នៅពេលដែលលោករួមជាមួយនឹងលោកបណ្ឌិតMukhisa Kituyi អគ្គលេខាធិការ UNCTAD បានបំពេញទស្សនកិច្ចនៅអាហ្រ្វិក។
ប្រព័ន្ធសេដ្ឋកិច្ច-ពាណិជ្ជកម្មអេឡិចត្រូនិក
សិក្ខាកាមទាំងអស់នៃគំនិតផ្តួចផ្តើម eFounders នឹងបានសិក្សាស្វែងយល់ពីមូលដ្ឋានគ្រឹះនៃពាណិជ្ជកម្ម អេឡិចត្រូនិច និងប្រព័ន្ធបច្ចេកវិទ្យាដែលមានការប្រែប្រួល និងមាន ឥទ្ធិពលលើសង្គមនៃប្រទេសចិន ហើយទទួលបានការបង្រៀន និងការពិភាក្សាជាមួយអ្នកជំនាញ និងអ្នកប្រតិបត្តិក្នុងតំបន់ដោយផ្ទាល់ដើម្បីកំណត់មេរៀនដែលអាចយកមកអនុវត្តបាននៅក្នុងទីផ្សារផ្ទាល់ខ្លួន។ ប្រធានបទសំខាន់ៗនៅក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន៖ ពាណិជ្ជកម្មអេឡិចត្រូនិក ការទូទាត់ ការដឹកជញ្ជូន ទិន្នន័យធំៗ និងទេសចរណ៍ ដែលសុទ្ធសឹងតែជាបទពិសោធន៍ទទួលបានមកពីក្រុមហ៊ុន Alibaba Group និងក្រុមហ៊ុនទទួលបានជោគជ័យផ្សេងៗទៀតនៅក្នុងខ្សែសង្វាក់តម្លៃពាណិជ្ជកម្មអេឡិចត្រូនិច ជាមួយនឹងវគ្គសិក្សាស្តីពីហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល ការដឹកជញ្ជូនឆ្លាតវៃ និងការអភិវឌ្ឍពាណិជ្ជកម្ម អេឡិចត្រូនិចនៅតាមជនបទជាដើម។
នៅពេលបញ្ចប់ការសិក្សា សិក្ខាកាមនឹងក្លាយទៅជាសមាជិកផ្លូវការនៃគំនិតផ្តួចផ្តើម eFounders និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនថាតើពួកគេនឹងយកចំនេះដឹងណាខ្លះទៅអនុវត្តក្នុងអាជីវកម្មរបស់ពួកគេ ហើយអនុវត្តដោយរបៀបណា។ ជាផ្នែកមួយរបស់គំនិតផ្តួចផ្តើម eFounders សម្រាប់សហគ្រិនវ័យក្មេងដែលទទួលបានភាពជោគជ័យនៅជុំវិញពិភពលោក UNCTAD និងក្រុមហ៊ុន Alibaba Group ក៏នឹងបន្តផ្ដល់ដំបូន្មាន ការប្រឹក្សា និងផ្តល់ការគាំទ្របន្ថែមទៀតដល់ការបង្កើតប្រព័ន្ធសេដ្ឋកិច្ច-ពាណិជ្ជកម្មអេឡិចត្រូនិចរួមគ្នាជាមួយអ្នកពាក់ព័ន្ធដទៃទៀតផងដែរ។
វគ្គបណ្តុះបណ្តាលដំបូងដល់ក្រុមសិក្ខាកាមនៃ eFounders មានសហគ្រិនចំនួន ២៤នាក់មកពីអាហ្វ្រិក ដែលបានបញ្ចប់ការសិក្សាកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧កន្លងទៅ បន្ទាប់ពីសិក្ខាសាលាដែលមានរយៈពេលពីរសប្តាហ៍ស្រដៀងគ្នានេះបានធ្វើនៅហានចូវ។
ដើម្បីបន្តបង្កើនឥទ្ធិពលនៃគំនិតផ្តួចផ្តើមនេះ UNCTAD និង Alibaba បានបញ្ចប់កិច្ចប្រជុំតាមដានពេញលេញមួយជាមួយកម្មសិក្សាការីទាំងអស់រួចហើយ ហើយពួកគេកំពុងអនុវត្តយ៉ាងសកម្មនូវអ្វីដែលពួកគេបានរៀនសូត្រនៅក្នុងសហគ្រាសរបស់ពួកគេក៏ដូចជាការចែករំលែកការយល់ដឹងជាមួយសហគមន៍របស់ពួកគេផងដែរ។ កម្មសិក្សាការីទាំងអស់កំពុងធ្វើការងារដើម្បីឆ្ពោះទៅរកការសម្រេចបាននូវប្តេជ្ញាចិត្តរបស់ពួកគេ ហើយនឹងបន្តធ្វើការតាមដានត្រួតពិនិត្យជាមួយនឹង UNCTAD និង alibaba រៀងរាល់បីខែម្ដង។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីគំនិតផ្តួចផ្តើម eFounders សូមចូលទៅគេហទំព័រ https://agi.alibaba.com/efounders-fellowship និង http://unctad.org/en/pages/newsdetails.aspx?OriginalVersionID=1615 ។
ភ្ជាប់ទៅគេហទំព័រ UNCTAD eCommere Week 2018
# # #
អំពី UNCTAD
គំនិតផ្តួចផ្តើម eFounders គឺជាផ្នែកមួយនៃភាពជាដៃគូឆ្លាតវៃរបស់ UNCTAD ដែលបង្កើតឡើងដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
អំពីក្រុមហ៊ុន Alibaba Group
បេសកកម្មរបស់ក្រុមហ៊ុន Alibaba Group គឺធ្វើឱ្យមានភាពងាយស្រួលក្នុងការធ្វើអាជីវកម្មនៅគ្រប់ទីកន្លែង។ ក្រុមហ៊ុនមានគោលបំណងដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនាពេលអនាគត។ ក្រុមហ៊ុននេះយល់ឃើញថា អតិថិជនរបស់ខ្លួននឹងបានជួបពិភាក្សា ធ្វើការងារ និងស្ថិតនៅជាមួយក្រុមហ៊ុន Alibaba ហើយនោះវាជាមូលហេតុមួយដែលធ្វើឲ្យ Alibaba នឹងក្លាយជាក្រុមហ៊ុនដែលមានអាយុយ៉ាងហោចណាស់ក៏ ១០២ឆ្នាំដែរ។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
អង្គភាពសារគមនាគមន៍ និងព័ត៌មាន UNCTAD
+41 22 917 5828 / +41 79 502 43 11
unctadpress@unctad.org
Jyotika Ahuja
Alibaba Group
+91 96191 22379
jyotika.ahuja@alibaba-inc.com