ថៃ កែច្នៃបំពង់បឺតធ្វើជា ខ្នើយកើយ បានយ៉ាងជោគជ័យ ដើម្បីប្រគល់ជូនដល់ចាស់ជរាក្រីក្រ អ្នកជម្ងឺតាមមន្ទីរពេទ្យ និងជាការកាត់បន្ថយសំណល់ផ្លាស្ទីក
ពិតណាស់ថាសំរាមប្រភេទ single use បានក្លាយជាបញ្ហា! អ៊ីចឹងយើងគួរធ្វើយ៉ាងណាជាមួយបំពង់ផ្លាស្ទិច ដែលយើងប្រើប្រាស់រួចទាំងអស់នោះ? យ៉ាងណាក៏ដោយវាពិតជាគួរឱ្យចាប់អារម្មណ៍មែនទែន ដោយថ្មីៗនេះរដ្ឋាភិបាលក្នុងតំបន់របស់ថៃ បានរកឃើញនូវវិធីដើម្បីកែច្នៃបំពង់បឺតផ្លាស្ទិចឡើងវិញ ដើម្បីកាត់បន្ថយកាកសំណល់ single use បានយ៉ាងល្អប្រសើរ។ ដោយអ្នកស្រុករបស់ខេត្តឈៀងម៉ៃបាននិយាយថា ពួកគេបានទទួលជោគជ័យក្នុងការប្រែក្លាយបំពង់បឺតទាំងនោះទៅជាខ្នើយកើយ។

ហើយខ្នើយដែលធ្វើចេញពីបំពង់បឺតទាំងនេះផងដែរ នឹងត្រូវចែកចាយដល់អ្នកជំងឺនៅលើគ្រែ និងចាស់ជរាក្នុងតំបន់ ដើម្បីលើកកម្ពស់ការកែច្នៃ ដោះស្រាយបញ្ហាសំរាមក្នុងមូលដ្ឋាន និងផ្តល់ខ្នើយថ្មីដល់អ្នកដែលត្រូវការ។ ក្រុមអ្នកបង្កើតនេះក៏បានបង្ហាញពីផែនការធ្វើពូក ដែលធ្វើចេញពីសម្ភារៈដូចគ្នាសម្រាប់ចែកចាយនាពេលអនាគតផងដែរ។ លោក Pisal Phanthuseni ប្រធានមន្ទីរសុខាភិបាល និងបរិស្ថានមានប្រសាសន៍ថា ខ្នើយប្រភេទ (hypo-allergenic) ដែលចេញពីការកែច្នៃរបស់បំពង់បឺត បានជួយធ្វើឱ្យធូរស្បើយសាច់ដុំក សម្រាប់អ្នកជំងឺ និងចាស់ជរា ១០០នាក់ បានយ៉ាងជោគជ័យ។
ពួកគេបានប្រើបំពង់បឺតប្រហែល ១៣២,០០០ ដែលជាការបរិច្ចាគដោយហាងកាហ្វេ សាលារៀន និងភោជនីយដ្ឋាន ចំនួន ៥០កន្លែង ដើម្បីផលិតខ្នើយដែលអាចលាងសម្អាតនេះបានចំនួន ៦២ ដែលក្នុងនោះមាន ២២ ត្រូវបានគេប្រគល់ឱ្យអ្នកដែលត្រូវការរួចហើយ ខណៈពេលខ្នើយដែលកំពុងតែផលិតនឹងត្រូវប្រគល់នៅថ្ងៃទី១២ ខែសីហា។ គួរឱ្យដឹងដែរថា បំពង់បឺតទាំងនោះត្រូវបានសម្អាតដោយប្រើថ្នាំសំលាប់មេរោគ និងធ្វើឱ្យស្ងួត មុនពេលវាត្រូវបានកាត់ជាបំណែកៗ ប្រវែងមួយសង់ទីម៉ែត្រ ដើម្បីធ្វើបានជាខ្នើយនេះ៕


អត្ថបទ៖ លីដា