ស្ត្រីជនជាតិជប៉ុនម្នាក់នេះចាយលុយតែ ២ដុល្លារ ក្នុងមួយថ្ងៃ ហើយឥឡូវនេះគាត់សល់ផ្ទះ ៣ខ្នង, មានលុយគ្រប់គ្រាន់ និងចូលនិវត្ដន៍ទាំងវ័យក្មេង
ថ្មីៗនេះមានស្ត្រីជនជាតិជប៉ុនម្នាក់ កំពុងទទួលបានការកោតសរសើរយ៉ាងច្រើនពីអ្នកលេងអ៉ីនធឺណិត ដោយសារទម្លាប់នៃការសន្សំប្រាក់របស់គាត់ ដែលធ្វើឱ្យគាត់មានប្រាក់គ្រប់គ្រាន់ មានអគារស្នាក់នៅផ្ទាល់ខ្លួន និងចូលនិវត្ដន៍ទាំងវ័យក្មេង។ ស្ត្រីម្នាក់នោះត្រូវបានគេឱ្យដឹងថា មានអាយុ ៣៤ឆ្នាំ និងមានឈ្មោះថា Xiao ហើយគាត់បាននិយាយថា គាត់មិនដែលទិញសម្លៀកបំពាក់ថ្មីៗខ្ជះខ្ជាយទេ ចាប់តាំងពីគាត់មានអាយុ ១៨ឆ្នាំ ដោយបានជ្រើសរើសស្លៀកតែខោអាវដែលអ្នកដទៃឱ្យមកគាត់ប៉ុណ្ណោះ។

អ្វីដែលសំខាន់មួយទៀតគឺ គាត់ចំណាយប្រាក់មិនលើសពី ១៥៣យ៉េន (២ដុល្លារអាមេរិក) ក្នុងមួយថ្ងៃនោះទេ ហើយក្នុងរយៈពេល ១៦ឆ្នាំ គាត់បានសំរេចក្តីសុបិន្តថា នឹងចូលនិវត្តន៍មុនអាយុ ៣៥ឆ្នាំ ពិតមែន។ គាត់ក៏ត្រូវបានគេរាយការណ៍ថា គាត់ចំណាយតែ ២៥យ៉េន ឬ ០.៣៣ដុល្លារ សម្រាប់ទិញគុយទាវមកឆុងញ៉ាំជាអាហារពេលល្ងាច។
ភាពសន្សំសំចៃរបស់គាត់បានអនុញ្ញាតឱ្យគាត់អាចសន្សំបានគ្រប់គ្រាន់ ដើម្បីទិញផ្ទះចំនួន ៣ ក្នុងរយៈពេលតិចជាងពីរទសវត្សរ៍ ក្នុងការចំណាយថវិកាសរុបចំនួន ៥៥លានយ៉េន (៧១៦,៩៧៤ដុល្លារ)។ ហើយឥឡូវនេះនាង Xiao គាត់កំពុងរកប្រាក់ចំណូលប្រចាំខែបានចំនួន ៣០០,០០០យ៉េន (៣,៩១១ដុល្លារ) ពីការជួលអគារនោះ។ គាត់បានទូន្មានថា៖ «សន្សំសំចៃកម្លាំង និងថវិការបស់អ្នក សម្រាប់អ្វីមួយដែលអ្នកចូលចិត្ត។ មានតែបែបនេះទេ ទើបគេអាចនិយាយបានថា ខ្លួនអ្នកទទួលខុសត្រូវចំពោះជីវិតផ្ទាល់ខ្លួនរបស់អ្នក»៕







អត្ថបទ៖ លីដា