អាណិតណាស់! ភ្លៀងធ្លាក់ខ្លាំងរលំបាក់របងសង្កត់លើ ២នាក់ប្តីប្រពន្ធជាកម្មករសំណង់ ស្លាប់យ៉ាងអាណោចអាធ័ម
ក្រុងព្រះសីហនុ៖ សមត្ថកិច្ចក្រុងព្រះសីហនុថ្លែងថា មានពលរដ្ឋ២នាក់ប្តីប្រពន្ធ បានស្លាប់ដោយសាររលំបាក់របងសង្កត់លើ ហេតុការណ៍នេះបានកើតឡើងនៅសង្កាត់លេខ១ក្រុងព្រះសីហនុ នាព្រឹកទី០៩ ខែសីហា ឆ្នាំ២០១៩ ក្រោយទទួលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃ៨ ខែសីហា ឆ្នាំ២០១៩។ ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធធ្វេីការជាកម្មករសំណង់ ក្នុងនោះបុរសជាប្តីឈ្មោះ ស៊ុន គឹមសាន្ត អាយុ៥៤ឆ្នាំនិងស្ត្រីជា ប្រពន្ធឈ្មោះ សេង ញេន អាយុ៥៦ឆ្នាំ។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃត្រង់ថ្ងៃទី៩សីហា២០១៩នេះ មានមនុស្ស៣នាក់ហើយបានស្លាប់ ក្រោយមានគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តព្រះសីហនុ។ ក្នុងនោះក្រៅពីជនរងគ្រោះទាំង២នាក់នៅក្រុងព្រះសីហនុក៏មានជនរងគ្រោះម្នាក់ទៀតជាមេការជនជាតិចិន ឈ្មោះ ឆៃ គ័រឈីង ភេទ ប្រុស អាយុ៤៥ឆ្នាំ ក៍បានស្លាប់ដោយការរលំរបងសង្កត់លើដូចគ្នានៅឃុំបិតត្រាំងស្រុកព្រៃនប់។ អាជ្ញាធរខេត្តព្រះសីហនុ ក៏បានចេញការអំពាវនាវអោយគ្រប់ការដ្ឋានសំណង់ផ្សេងៗបង្កើនការប្រុងប្រយ័ត្ន ពិសេសបងប្អូនប្រជាពលរដ្ឋនៅតាមទីតាំងដែលប្រឈមខ្លាំង ស្របពេលដែលវិធានការសង្គ្រោះនានាកំពុងធ្វើឡើងយ៉ាងសកម្ម ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីអភិបាលខេត្តព្រះសីហនុ ក្នុងនាមប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត៕




ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង