កូរ៉េខាងជើងបានបាញ់មីស៉ីលចំនួន ២គ្រាប់ ចូលសមុទ្រជប៉ុនជាថ្មីម្ដងទៀត ដើម្បីជាការព្រមានទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់មីស៉ីលមិនស្គាល់អត្តសញ្ញាណចំនួន ២គ្រាប់ ចូលសមុទ្រជប៉ុនទៀតហើយ នៅព្រឹកថ្ងៃសៅរ៍នេះ។ ពួកគេនិយាយថា មីស៉ីលត្រូវបានគេបាញ់ចេញពីក្បែរ Hamhung ក្នុងខេត្ត South Hamgyong នៅភាគខាងកើតនៃប្រទេស ហើយខាងយោធាកូរ៉េខាងត្បូងកំពុងស៊ើបអង្កេតស្ថានការណ៍នេះ។ ហើយវាជាការបាញ់សាកល្បងមីស៉ីលលើក ទី៥ ដោយកូរ៉េខាងជើង ចាប់តាំងពីខែកក្កដា។ ក្រសួងការពារជាតិជប៉ុននិយាយថា គេមិនទាន់បានបញ្ជាក់ថា តើគ្រាប់មីស៉ីលទាំងនោះហោះចូលទឹកដីជប៉ុន ឬតំបន់សេដ្ឋកិច្ចផ្តាច់មុខនោះទេ។

មន្រ្តីយោធាអាមេរិកម្នាក់បានប្រាប់ NHK ថា ពួកគេដឹងអំពីរបាយការណ៍នេះ ហើយកំពុងតាមដានស្ថានការណ៍ដូចគ្នា។ គួរឱ្យដឹងដែរថា កូរ៉េខាងជើងប្រឆាំងដាច់ខាតចំពោះសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ បន្ទាប់ពីការបាញ់បង្ហោះកាលពីថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំលោក គីម ជុងអ៊ុន បាននិយាយថា វានឹងក្លាយជាឱកាសមួយ ដើម្បីបញ្ជូនការព្រមានដល់ទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕


អត្ថបទ៖ លីដា