អ្នកចូលចិត្តជក់បារីហើយមានបំណងចង់ទៅទេសចរណ៍នៅថៃ គួរប្រុងប្រយ័ត្នអាចអស់ប្រាក់ហើយជាប់គុកទៀត
ប្រទេសថៃ ៖ វាជារឿងសំខាន់សំរាប់អ្នកទេសចរណ៍ដែលត្រូវយល់ដឹងពីវប្បធម៌ ច្បាប់ និងការហាមឃាត់នៅប្រទេសដែលអ្នកកំពុងគ្រោងនឹងទៅធ្វើលេងកំសាន្តនោះ។ ប្រភពព័ត៌មានបរទេសបានក្រើនរំលឹកដល់អ្នកទេសចរណ៍ដែលធ្វើដំណើរទៅប្រទេសថៃ អោយប្រុងប្រយ័ត្នចំពោះការជក់បារីបើមិនចង់ត្រូវគេផាកពិន័យជាប្រាក់រឺអាចជាប់គុក។ តាមប្រភពដដែលនេះបានប្រាប់អោយដឹងថា នៅតាមឆ្នេរសមុទ្រមួយចំនួនត្រូវបានគេហាមប្រាមមិនអោយជក់បារី។
អ្នកដែលរំលោភបំពានច្បាប់ថ្មីមួយនេះត្រូវគេផាកពិន័យជាប្រាក់ចំនួន ១០០,០០០បាត រឺត្រូវជាប់គុកក្រោមមួយឆ្នាំ។ ដែលធ្ងន់ធ្ងរជាងនេះទៀតសំរាប់អ្នកដែលប្រើប្រាស់ពពួកបារីអេឡិចត្រូនិក បើត្រូវគេចាប់បានប្រឈមនឹងការជាប់គុករយៈដល់ទៅ១០ឆ្នាំ។ ច្បាប់នេះត្រូវបានគេអនុវត្តន៍នៅក្នុងប្រទេសថៃតាំងពីឆ្នាំ២០១៤ “អ្នកទេសចរណ៍ត្រូវបានហាមឃាត់មិនអាចយកចូលនូវពពួកបារីអេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុប្រទេសនេះ”។ អ្នកលក់រឺ ចែកចាយពពួកបារីអេឡិចត្រូនិកនេះក៏ត្រូវប្រឈមនឹងការជាប់គុក៥ឆ្នាំដែរ ប្រសិនបើគេរកឃើញថាមានកំហុសនោះ៕
អត្ថបទ ៖ Mali
ប្រភព ៖ thecoverage