នរណាមិនស្តាយ ! រថយន្តទំនើបទើបនឹងទិញបាន៣ខែ បែរជាមកត្រូវបំផ្ញាញដោយផ្ទាំងទឹកកកដ៏ធំមួយនេះ
ប្រទេសចិន ៖ ចង់យំក៏យំមិនចេញហួសចិត្តហួសថ្លែង អ្នកមិនស្តាយរថយន្តទើបទិញថ្មីចតទុកចោលសុខៗស្រាប់តែប្រែក្លាយជាមានសភាពបែបនេះ។ ប្រភពព័ត៌មានចិនបាសនចុះផ្សាយរឿងរ៉ាវសែន ហួសចិត្ត ម្ចាស់រថយន្តនិយាយលែងចេញក្រោយពីផ្ទាំងទឹកកកដ៏ធំមួយរអិលពីលើដំបូលជាន់ទី៧ ធ្លាក់ចំរថយន្តរបស់ខ្លួនធ្វើអោយវាប្រែជាមានសភាពបែបនេះ។ តាមប្រភពបានអោយដឹងថានៅម៉ោងប្រហែល៣ៈ៣០នាទីរសៀលថ្ងៃទី២៥ ខែមីនានេះ មានសម្លេងប៉ះទង្គិចមួយបានលាន់ឡើងយ៉ាងខ្លាំង ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាជនដែលរស់នៅក្នុងសហគមន៍ Jiayuan ទីក្រុង Changchun ខេត្ត Jilin។

អ្នកស្រុកជាច្រើនបានចេញមករកមើលប្រភពសម្លេងនោះក៏បានប្រទះឃើញ ផ្ទាំងទឹកកកដ៏ធំមួយបានធ្លាក់ពីខាងលើមកប៉ះនិងបំផ្ញាញរថយន្តថ្មីមួយគ្រឿងដែលចតចោលនៅលើចិញ្ចើមផ្លូវ។ តាមសម្តីអ្នកឃើញហេតុការណ៍នេះបានប្រាប់ថាផ្ទាំងទឹកកកនោះមានបណ្តោយប្រមាណជា៤ម៉ែត្រ និងទទឹង២ម៉ែត្រ វាធ្លាក់ចុះមកពីលើដំបូលអគារជាន់ទី៧។ ម្ចាស់រថយន្តបានត្រឹមហួសចិត្តនឹកស្មានមិនដល់ គាត់ប្រាប់ថារថយន្តនេះគាត់ទើបតែទិញជិះបាន២ទៅ៣ខែប៉ុណ្ណោះ។ តាមសភាពនៃរថយន្តមួយគ្រឿងនេះគឺមិនអាចសង្រ្គោះអោយដូចដើមវិញបាននោះទេ អ្វីដែលសំណាងនោះគឺមិនមាននរណាម្នាក់រងគ្រោះក្នុងហេតុការណ៍នេះទេ ផ្ទាំងទឹកកកធំដល់ថ្នាក់នេះបើធ្លាក់ត្រូវមនុស្សមែនប្រាកដជាមិនរស់នោះទេ៕



អត្ថបទ ៖ Mali
ប្រភព ៖ CHINA PLUS