លោកតាម្នាក់ចេះតែថប់ដង្ហើម និងឈឺបំពង់ក ផឹកថ្នាំអីក៏មិនបាត់សោះ ដល់ទៅថត X-ray មើល គ្រូពេទ្យនាំគ្នាភ្ញាក់ផ្អើលតែម្តង
លោកតាអាយុ ៧២ ឆ្នាំម្នាក់ ត្រូវបានវេជ្ជបណ្ឌិតសម្រេចធ្វើការវះកាត់ជាពិសេសមួយក្រោយគេបានរកឃើញថា មានបំណែកអញ្ចាញធ្មេញសិប្បនិមិត្តមួយដុំជាប់នៅក្នុងបំពងករបស់គាត់អស់រយៈពេល ៨ ថ្ងៃមកហើយ។ មុនពេលកើតហេតុចំនួន ៦ ថ្ងៃលោកតា ដែលជនរងគ្រោះបានកើតមានបញ្ហាថប់ដង្ហើម ឈឺបំពងក ហើយពេលខ្លះពេលគាត់ស្តោះទឹកមាត់ចេញមកថែមទាំងមានឈាមខ្លះមកជាមួយទៀតផង។ បន្ទាប់ពីមានអការៈដូចនេះ លោកតាបានទៅមន្ទីរពេទ្យ ដើម្បីទទួលបានការព្យាបាល តែខាងវេជ្ជបណ្ឌិតគ្រាន់តែឲ្យគាត់ញ៉ាំថ្នាំមួយចំនួនទៅតាមអាការៈដែលគាត់កំពុងជួបប្រទះនោះ ដោយវេជ្ជបណ្ឌិតគិតថាវាអាចជាបញ្ហាមាត់ធ្មេញធម្មតា។
យ៉ាងណាក្តីដោយស្ថានភាពជំងឺចេះតែធ្ងន់ធ្ងរឡើយ ២ ថ្ងៃក្រោយមក លោកតាបានសម្រេចទៅមន្ទីរពេទ្យម្តងទៀត ហើយលើកនេះខាងវេជ្ជបណ្ឌិតក៏សម្រេចធ្វើការពិនិត្យដោយប្រើ X-ray តែម្តង និងបានរកឃើញថា មានបំណែកអញ្ចាញធ្មេញសិប្បនិមិត្តមួយដុំជាប់នៅក្នុងបំពងករបស់គាត់ ហើយគេក៏សម្រេចធ្វើការវះកាត់យកបំណែកនោះចេញភ្លាមៗតែម្តង។ ក្រោយការសាកសួរទើបគេបានរកឃើញថា បញ្ហានេះបានកើតឡើងក្រោយពេលលោកតាទៅដាក់ធ្មេញនៅក្នុងមន្ទីរពេទ្យមួយកន្លែងដែលគ្មានជំនាញច្បាស់លាស់៕

អត្ថបទ៖ ភក្តី
