BREAKING NEWS! មុននេះបន្ដិចយន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ី បានបង្ខំចិត្តចុះចតជាបន្ទាន់នៅក្នុងចម្ការពោត ក្រោយបុកហ្វូងបក្សី
ទីភ្នាក់ងារដឹកអ្នកដំណើរ និងអាកាសចរណ៍រុស្ស៊ី Rosaviatsia បានឱ្យដឹងថា នៅពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា នេះមានយន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ីមួយគ្រឿង បានចុះចតជាបន្ទាន់នៅក្នុងចម្ការពោតជិតរដ្ឋធានីមូស្គូ បន្ទាប់ពីមានហ្វូងបក្សីចូលក្នុងម៉ាស៊ីនស្លាបទាំងសងខាងរបស់វា។ យន្តហោះម៉ូដែល Airbus 321 របស់ក្រុមហ៊ុនអាកាសចរណ៍ Ural Airlines ដែលមានផ្ទុកអ្នកដំណើរចំនួន ២៣៣នាក់ បានចេញដំណើរពីក្រុង Zhukovskiy ទៅក្រុង Simferopol នៃតំបន់ Crimea។

ទីភ្នាក់ងារនោះបាននិយាយថា មនុស្សត្រូវបានជម្លៀសចេញពីយន្តហោះ ហើយមានមនុស្ស ៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារមានរងរបួសស្រាល។ របាយការណ៍បាននិយាយថា ហ្វូងបក្សីបានជាប់ក្នុងម៉ាស៊ីន ដែលធ្វើឱ្យម៉ាស៊ីនគាំង ហើយក្រុមយានិកក៏សម្រេចចិត្តចុះចតទាំងកណ្ដាលចម្ការពោត ដើម្បីជាសុវត្ថិភាព។ អគ្គនាយករងក្រុមហ៊ុនអាកាសចរណ៍ Ural លោក Sergei Skuratov ក៏បានបញ្ជាក់ដែរថា៖ «មានការចុះចតជាបន្ទាន់នៅ Zhukovsky។ ដោយបក្សីបានចូលទៅក្នុងម៉ាស៊ីនទាំងពីរ។ ម៉ាស៊ីនបានរលត់ ហើយនាវិកបានធ្វើការចុះចតភ្លាមៗ»៕


អត្ថបទ៖ លីដា