ស្លាប់មនុស្ស ៦៣នាក់ និងរបួស ១៨០នាក់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតក្នុងពិធីមង្គលការនៅអាហ្វហ្គានីស្ថាន
មានការវាយប្រហារអត្តឃាតលើពិធីមង្គលការមួយ នៅឯរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៦៣នាក់ បានស្លាប់ និងមនុស្សចំនួន ១៨០នាក់ បានរងរបួស។ ប្រភពបាននិយាយថា ជនល្មើសបានដាក់គ្រាប់បែកនៅក្នុងសាលពីធីមួយនៅល្ងាចថ្ងៃសៅរ៍ ដោយនៅក្នុងពិធីមានការចូលរួមពីសមាជិកសហគមន៍ជនជាតិភាគតិចនិកាយស៊ីអ៊ីតហាហ្សារ៉ា ហើយសហគមន៍នេះតែងតែជាគោលដៅរបស់ពួកជ្រុលនិយមស៊ុននីរួមមាន៖ ក្រុមតាលីបង់ និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

ប៉ុន្តែយ៉ាងណាក៏ដោយក្រុមតាលីបង់បានបដិសេធការបំផ្ទុះនេះ និងបានថ្កោលទោសការវាយប្រហារនេះ។ ក្រុមនេះក៏កំពុងព្យាយាមចរចាកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិក ដើម្បីឱ្យអាមេរិកដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានជាថ្នូរនឹងការប្តេជ្ញាចិត្តមិនប្រើប្រទេសនេះជាមូលដ្ឋាន ដើម្បីបើកការវាយប្រហារភេរវកម្មពិភពលោក។ ការវាយប្រហារនេះក៏ធ្វើឱ្យមានការព្រួយបារម្ភអំពីសន្តិសុខ ជាមួយនឹងការបោះឆ្នោតប្រធានាធិបតីអាហ្វហ្គានីស្ថាន ដែលនឹងមកដល់ក្នុងរយៈពេលតិចជាង ៦សប្តាហ៍ ទៀតផងដែរ៕








អត្ថបទ៖ លីដា