បច្ចេកវិទ្យា

ចេញជាផ្លូវការហើយ! P20 និង P20 Pro ស្មាតហ្វូនជំនាន់ថ្មីរបស់ Huawei ជាមួយកាមេរ៉ា៣គ្រាប់ កាន់តែអស្ចារ្យជាងមុន

BY
Khmernote Media
March 27, 2018

នៅមុននេះបន្តិចក្រុមហ៊ុនស្មាតហ្វូនដ៏ល្បីឈ្មោះរបស់ប្រទេសចិន គឺក្រុមហ៊ុន Huawei បានធ្វើការប្រកាសជាផ្លូវការនូវកំពូលស្មាតហ្វូនថ្មីរបស់ខ្លួនត្រកូល P គឺម៉ូដែល P20 និង P20 Pro។ ស្មាតហ្វូនទាំង២ម៉ូដែលនេះត្រូវបានរចនាថ្មីរូបរាងថ្មីជាមួយនឹងកាន់តែពិសេសនោះគឺក្រុមហ៊ុន Huawei បានប្រើប្រាស់ពណ៌ជាច្រើនបញ្ចូលគ្នា ធ្វើឲ្យទូរស័ព្ទប្រែពណ៌ប្លែកភ្នែកតែម្តង។

+ អេក្រង់៖ ស្មាតហ្វូនទាំង២នេះមានផ្ទៃអេក្រង់ខាងមុខលាតសន្ធឹងស្ទើរពេញគែមដូចគ្នា តែ P20 Pro បំពាក់អេក្រង់ប្រភេទ OLED ទំហំ 6.1-inch ជាមួយកំរិតភាពច្បាស់ 2240 x 1080 pixel រីឯ P20 វិញបំពាក់អេក្រង់ប្រភេទ LCD ទំហំ 5.8-inch។

+ លក្ខណៈសម្បត្តិ៖ ស្មាតហ្វូនទាំង២នេះ បំពាក់បន្ទះឈីប Kirin 970 processor ជាមួយ CPU ប្រភេទ Octa-core មាន RAM 4GB សម្រាប់ម៉ូដែល P20 និង RAM 6GB សម្រាប់ម៉ូដែល P20 Pro ហើយមានអង្គផ្ទុកទិន្នន័យរហូតដល់ទៅ 128GB ដូចគ្នា ប៉ុន្តែទំហំថ្មនៅលើ P20 ត្រឹមតែ 3,400mAh ហើយ P20 Pro ទំហំ 4,000mAh។

+ កាមេរ៉ា៖ ឆ្នាំនេះក្រុមហ៊ុន Huawei បានបោះជំហានទៅមុខមួយទៀតជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ា៣គ្រាប់ ដែលបំពាក់នៅលើ P20 Pro។ កាមេរ៉ាទាំង៣នោះមានមុខងារដូចជា ចាប់យករូបភាពប្រភេទ telephoto ក្នុងកំរិត 8MP, ថតរូបប្រភេទ RGB ក្នុងកំរិត 40MP និងថតរូបសខ្មៅ monochrome ក្នុងកំរិត 20MP ហើយមិនត្រឹមតែប៉ុណ្ណោះកាមេរ៉ា៣គ្រាប់នោះក៏មានសមត្ថភាព Zoom លក្ខណៈ Digital បានរហូតគុណនឹង 5, អាចថតនៅទីងងឹតតែភ្លឺច្បាស់ល្អជាងមុន, ថត slow motion ដល់កំរិត 960fps និងមុខងារជាច្រើនទៀត។ សម្រាប់កាមេរ៉ាទាំង៣គ្រាប់នោះមានតែមុខងារ telephoto ប៉ុណ្ណោះ ដែលមានមុខងារទប់លំនឹង (image stabilzation) ប៉ុន្តែ Huawei បានអះអាងថា បច្ចេកវិទ្យា AI របស់ខ្លួនអាចជួយទប់លំនឹងបានខ្លះសម្រាប់ការថតមុខងារផ្សេងផងដែរ។ សម្រាប់កាមេរ៉ាមុខវិញមានទំហំដល់ទៅ 24MP ដែលធ្វើឲ្យការថត selfie កាន់តែច្បាស់ល្អ។

+ តម្លៃ៖ ដោយសារតែ Huawei បំពាក់បច្ចេកវិទ្យាល្អៗ និងខ្លាំងៗជាច្រើន ដូច្នេះតម្លៃក៏ឡើងតាមនឹងដែរ។ សម្រាប់ P20 ដាក់នៅលើទីផ្សារអឺរ៉ុបមានតម្លៃ 680 euro (ប្រហែល $840) ចំនែកឯ P20 Pro វិញមានតម្លៃ 900 euro (ប្រហែល $1100) ហើយពេលវេលាដាក់លក់នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ តើអ្នកទាំងអស់គ្នាយល់យ៉ាងចំពោះស្មាតហ្វូនទាំង២នេះ?

អត្ថបទ៖ សេម
ប្រភព៖ androidauthority

Share This Post: