អុញនោះ! មន្ត្រីជាន់ខ្ពស់ប្រឆាំងអំពើពុករលួយរបស់ថៃម្នាក់ បែរជាត្រូវបានគេចោទប្រកាន់ថាលួចលាក់ទ្រព្យសម្បត្តិតម្លៃរាប់លានដុល្លារ
មន្ត្រីជាន់ខ្ពស់ប្រឆាំងអំពើពុករលួយក្នុងប្រទេសថៃ ត្រូវបានគេចោទប្រកាន់ពីបទលាក់បាំងទ្រព្យសម្បត្តិរាប់លានដុល្លារ ក្នុងនោះមានទាំងអាផាតមិននៅទីក្រុងឡុងដ៍ផងដែរ។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានដកស្រង់សម្តីអ្នកនាំពាក្យគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃលោក Worawit Sukboon ដែលបាននិយាយថា លេខាធិការរងនៃគណៈកម្មាធិការលោក Prayat Puangjumpa បានប្រមូលទ្រព្យសម្បត្តិដែលមិនបានប្រកាសនៅក្រោមឈ្មោះភរិយារបស់លោក ក្នុងនោះមានអាផាតមិនតម្លៃ ៦.៩លានដុល្លារ នៅសង្កាត់ Kensington របស់ប្រទេសអង់គ្លេស។

យោងតាមការស៊ើបអង្កេតរយៈពេល ៩ខែ ដោយគណៈកម្មការនេះបាននិយាយថា ទ្រព្យសម្បត្តិដែលនៅសល់មានចំនួនសរុប ៤០០,០០០ដុល្លារអាមេរិក។ ប៉ុន្តែលោក Prayat បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ការចោទប្រកាន់នេះគឺជាការយល់ច្រលំ ហើយភរិយារបស់លោកកំពុងកាន់កាប់ផ្ទះល្វែង សម្រាប់អ្នកផ្សេងប៉ុណ្ណោះ។ ចំណែកអង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថា ករណីនេះបានបង្កការព្រួយបារម្ភពីសាធារណជន និងបានធ្វើឱ្យខូចខាតដល់កេរ្តិ៍ឈ្មោះរបស់ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសផ្ទាល់៕

អត្ថបទ៖ លីដា