អ្នកមើលថែក្មេងម្នាក់លួចដាក់ថ្នាំងងុយដេកក្នុងទឹកដោះគោ ហើយឲ្យក្មេងៗបៅ ដើម្បីឲ្យឆាប់គេងលក់ កុំឲ្យពិបាកមើលថែច្រើន
ឥណ្ឌូនេស៊ី៖ ករណីអ្នកមើលថែក្មេង ឬជាធម្មតាគេហៅថាម៉ែដោះ វាយធ្វើបាប និងធ្វើទារណ្ឌកម្មលើកូនក្មេង បានកើតមានជារឿយៗទម្រាំតែឪពុកម្តាយរបស់ក្មេងបានដឹងការពិត។ ជាក់ស្តែងកាលពីពេលថ្មីៗនេះមានករណីស្រដៀងគ្នានេះបានកើតមានជាថ្មីម្តងទៀត គឺមានអ្នកមើលថែក្មេងម្នាក់បានលួចដាក់ថ្នាំងងុយគេងនៅក្នុងទឹកដោះគោសម្រាប់ក្មេងញ៉ាំ ដើម្បីឲ្យក្មេងឆាប់គេងលក់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈក្មេងតូចនោះមានអាយុត្រឹមតែ ៣ ខែប៉ុណ្ណោះ។
តាមម្តាយរបស់ទារករងគ្រោះ ដែលមានឈ្មោះ Vierza បានរៀបរាប់នៅក្នុងបណ្តាញសង្គម Instagram របស់គាត់ថា ស្រ្តីដែលគាត់បានជួលឲ្យមកមើលថែកូនគាត់នោះមានឈ្មោះថា Ju ជាមនុស្ស ដែលធ្លាប់រាប់អានគ្នាជាច្រើនឆ្នាំមកហើយ ហើយនាងជាមនុស្សមានចរិតខ្ជិលច្រអូសបន្តិច។ ព្រោះតែខ្ជិលមើលក្មេង និងលួងពេលក្មេងយំ ស្រ្តីជាអ្នកមើលថែក្មេងរូបនេះតែងដាក់ថ្នាំងងុយគេងក្នុងទឹកដោះគោជារឿយៗ ដើម្បីឲ្យក្មេងឆាប់គេងលក់ និងគេងបានយូរជាដើម។ យ៉ាងណាក្តី សកម្មភាពនេះត្រូវបានបែកឆ្លាយតាមរយៈកាមេរ៉ាសុវត្ថិភាព ហើយពេលនេះនាងក៏ត្រូវគេបញ្ឈប់ពីការងារផងដែរ ខណៈក្មេងតូចត្រូវមានបញ្ហាសុខភាពជាច្រើនព្រោះទទួលថ្នាំងងុយគេងលើសកម្រិត៕

អត្ថបទ៖ ភក្តី

