មកលេងកៀនស្វាយក្រៅជាមួយគ្នា ចិត្តល្អឲ្យគេខ្ចីម៉ូតូ ត្រូវគេឆបោកយកម៉ូតូរួចគេចខ្លួនបាត់ ខណៈជនសង្ស័យម្នាក់ត្រូវជាប់ខ្នោះ
ខេត្តកណ្តាល៖ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យមួយរូបដែលជាប់ពាក់ព័ន្ធជាមួយនឹងករណីឆបោកម៉ូតូហុងដាឌ្រីម១២៥ ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1GT.54 16 មួយគ្រឿងខណៈដែលជនសង្ស័យជាបក្ខពួក២នាក់ទៀតបានរត់គេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៥ និង៣០នាទី ចំណុចរមណីដ្ឋានកៀនស្វាយក្រៅ ស្ថិតនៅភូមិភូមិធំ ឃុំភូមិឃុំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ ហាន់ សូត ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរជាងផ្សារដែក ចំណែកជនសង្ស័យឈ្មោះ ហង្ស សុខចេង ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរអ្នករាំអកកាដង់ និងបក្ខពួក២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ភេទស្រីអាយុប្រហែល៣៦ឆ្នាំ និង ភេទប្រុស អាយុប្រហែល ៣២ឆ្នាំ(គេចខ្លួន)។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុ ជនសង្ស័យជាស្ត្រី២នាក់បានបបួលជនរងគ្រោះមកលេងវត្ត កៀនស្វាយក្រៅ ពេលមកដល់កៀនស្វាយផ្លាហ្សាក៏នាំគ្នាអង្គុយហូបពោតស្ងោរ រួចជនសង្ស័យទី២ បានតេទូរសព្ទ័ហៅជនសង្ស័យទី៣ឲ្យមកលេងដែរ។ ពេលជនសង្ស័យទី៣ មកដល់ ក៏នាំគ្នាជិះម៉ូតូជនរងគ្រោះ(ជិះទាំង៤នាក់)ទៅអង្គុយលេងផ្ទះទឹកនៅរមណីដ្ឋានវត្តកៀនស្វាយក្រៅពេលទៅដល់ជនសង្ស័យជាស្ត្រី២នាក់បាននាំគ្នាទៅទិញម្ហូប ចំណែកជនរងគ្រោះនិងជនសង្ស័យទី៣នៅចាំរោងនិងម៉ូតូ ពេលនោះជនសង្ស័យទី៣បានខ្ចីម៉ូតូជនរងគ្រោះថាទៅឌុបមេ មកលេងដែររួចក៏ទៅបាត់រហូត ។
ដោយចាំយូរពេកជនរងគ្រោះ និងជនសង្ស័យជាស្ត្រី២នាក់ ក៏បានតេទូរសព្ទ័ទៅជនសង្ស័យទី៣ ហើយជនសង្ស័យទី៣ថាឲ្យមកយកម៉ូតូនៅគល់ស្ពានច្បារអំពៅពេលមកដល់ច្បារអំពៅ ថាឲ្យទៅយកនៅរង្វង់មូលតាខ្មៅពេលទៅដល់តាខ្មៅប្រាប់ថាឲ្យទៅយកនៅមុខបន្ទាយអង្គរក្ស ពេលទៅដល់មុខបន្ទាយ ជនសង្ស័យជាស្ត្រីទី២ បានឲ្យជនរងគ្រោះនិងជនសង្ស័យឈ្មោះ ហង្ស សុខចេង ចុះពីលើកង់បី ដោយប្រាប់ថាខ្លួនទៅយកម៉ូតូឲ្យរួចជនសង្ស័យទី២ក៏ទៅបាត់។ ដោយចាំយូរពេកនិងទាក់ទងទូរសព្ទ័លែងបានជនរងគ្រោះក៏បានតេហៅ បងប្អូនឲ្យមកយកនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ហង្ស សុខចេង មកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ដើម្បីសួរនាំនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះហង្ស សុខចេងឆ្លើយមិនដឹងមិនស្គាល់ជនសង្ស័យទាំងពីរនាក់នោះទេ គឺស្គាល់តាមទូរសព្ទ័និងធ្លាប់ទៅហូបមីហិរនៅផ្សារសុវណ្ណាម្តងជាមួយជនរងគ្រោះកាលពីថ្ងៃទី១៧.០៨.២០១៩វេលាម៉ោង២១.០០នាទី ។ ជនសង្ស័យឈ្មោះហង្សសុខចេង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕



ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល