អភិបាលខេត្ត សៀមរាប ច្រានចោលការចុះផ្សាយ ថាលោកជួយសម្របសម្រួលអោយប្អូនស្រីម្នាក់ដែលមកប្រឡងយឺតម៉ោង
ថ្មីៗនេះដែរមានវេបសាយមួយចំនួនបានចុះផ្សាយថា ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួយសម្របសម្រួលអោយប្អូនស្រីម្នាក់ដែលមានឈ្មោះថា ជា ចាន់ស្រីនាង អោយចូលប្រឡងឡើងវិញ ក្រោយពេលដែលបេក្ខជនរូបនេះមកប្រឡងយឺតម៉ោងហើយត្រូវបានអនុរក្សមិនអនុញ្ញាតអោយចូលប្រឡង។ ទាក់ទិននឹងព័ត៌មានមួយនេះដែរ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានធ្វើការច្រានចោល ដោយលោកគ្មានសិទ្ធិណាក្នុងជ្រៀតជ្រែកការប្រឡងនោះឡើយ គឺមានតែប្រធានមណ្ឌល និងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបន្ទុកផ្ទាល់នៅមណ្ឌលសៀមរាបនេះ ដែលមានសិទ្ធិសម្រេចថាសិស្សរូបណាអាចចូលបាន ឬចូលប្រឡងមិនបាន ដោយយោងទៅតាមច្បាប់ និងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម ទៀ សីហា បានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការនៅមុននេះបន្តិចថា៖ “ចំពោះករណីប្អូនស្រី ជា ចាន់ស្រីនាង ដែលមានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ព្រឹកមិញនេះ ក្នុងនាមអាជ្ញាធរខេត្ត មិនមានសិទ្ធិក្នុងការសម្រេចដូចសារព័ត៌មានបង្ហោះនោះទេ គឺប្រធានមណ្ឌល និងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបន្ទុកផ្ទាល់នៅមណ្ឌលសៀមរាបនេះ ដែលមានសិទ្ធិសម្រេចថាសិស្សរូបណាអាចចូលបាន ឬចូលប្រឡងមិនបាន ដោយយោងទៅតាមច្បាប់ និងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងន័យនេះដែរ ខ្ញុំសុំសំណូមពរអ្នកសារព័ត៌មានទាំងអស់សូមរក្សានូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក្នុងការបង្ហោះនូវរូបភាព ខ្លឹមសារ និងព័ត៌មានរបស់ខ្លួន ។”

