ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងមន្ទីរពេទ្យ Soonchunhyang ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីលើកកម្ពស់ការថៃទាំសេវាសុខភាពក្នុងតម្លៃសមរម្យ ជូនពលករកម្ពុជា
នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងមន្ទីរពេទ្យ Soonchunhyang University Hospital (SUH) នៅមន្ទីរពេទ្យ Soonchunhyang ក្នុងទីក្រុងសេអ៊ូល។

អនុស្សរណៈយោគយល់គ្នា (MoU) នេះ ធ្វើឡើងក្នុងគោលបំណងធានាថាប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅប្រទេសកូរ៉េ អាចទទួលបានសេវាថែទាំសុខភាពដ៏ល្អ ក្នុងតម្លៃសមរម្យក្នុងប្រទេសកូរ៉េ និងជាយន្តការមួយសម្រាប់ស្ថាប័នទាំងពីរបន្តសហការធ្វើការរួមគ្នាក្នុងនាមជាអ្នកជិតខាង និងជាដៃគូដ៏ជិតស្និត ក្នុងបេសកកម្មមនុស្សធម៌ដើម្បីបំរើដល់ផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសកូរ៉េនេះ។
ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី លោកវេជ្ជបណ្ឌិត Suh You-Sung នាយកមន្ទីរពេទ្យ Soonchunhyang បានមានប្រសាសន៍ថា មន្ទីរពេទ្យ Soonchunhyang បានចាប់ផ្តើមបេសកកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២។ ក្នុងរយៈពេល ២៤ឆ្នាំកន្លងទៅនេះ មន្ទីរពេទ្យបានចូលរួមចំណែកយ៉ាងច្រើនក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលក្នុងប្រទេសកម្ពុជា រួមមានការកសាងមន្ទីរពេទ្យ ការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បណ្តុះបណ្តាលក្រុមគ្រូពេទ្យកម្ពុជា និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាដើម។
លោកបន្តថា លោកនឹងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការជួយដល់ប្រទេសកម្ពុជាលើវិស័យសុខាភិបាល ពិសេសការបណ្តុះធនធានមនុស្សដើម្បីជាទុនដ៏រឹងមាំក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលក្នុងប្រទេសកម្ពុជា។
ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះក្រុមគ្រួសារមន្ទីរ Soonchunhyang ដែលជានិច្ចជាកាលតែងតែចូលរួមជាមួយស្ថានទូតក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ទាំងនៅប្រទេសកម្ពុជា និងកូរ៉េ ដូចជា ឧបត្ថម្ភថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ជូនដល់ជនភៀសសឹក មណ្ឌលកុមារកំព្រា និងមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា និងផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃជូនបងប្អូនប្រជាជនខ្មែរនៅកម្ពុជា ក៏ដូចជាតាមតំបន់នានាក្នុងប្រទេសកូរ៉េ ជាដើម។
ឯកឧត្តមជឿជាក់ថា តាមរយៈការចុះMOU នេះ ស្ថាប័នទាំងពីរនឹងអាចបង្កើនកិច្ចសហការកាន់តែជិតស្និតបន្ថែមទៀត លើគម្រោងមនុស្សធម៌ផ្សេងទៀតនាពេលខាងមុខ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស៕




ប្រភព ក្រសួងព័ត៍មាន