ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ មិនមែនជាការបង្កើនភាពតានតឹងនោះទេ

    BY soknita June 2, 2026
    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ មិនមែនជាការបង្កើនភាពតានតឹងនោះទេ

    (រាជធានីភ្នំពេញោះ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ មិនមែនជាការបង្កើនភាពតានតឹងនោះទេ ប៉ុន្តែផ្ទុយទៅវិញជាការខិតខំប្រឹងប្រែង ដោះស្រាយជម្លោះតាមរយៈការចរចា រវាងប្រទេសទាំងពីរ ក្រោមការសម្របសម្រួល របស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ។

    ក្នុងការធ្វើ សេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពីដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២​៦​ នេះ សម្ដេចធិបតី បានថ្លែងថា ការប្រើប្រាស់យន្តការនេះក៏មិនមែនជាសកម្មភាពឯកតោភាគីដែរ ប៉ុន្តែជាករខិតខំប្រឹងប្រែងដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ និងដោយសុឆន្ទៈពិតប្រាកដ។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនៅក្រោមអនុសញ្ញា UNCLOS មិនមានន័យថា កម្ពុជាងាកចេញពីការសន្ទនានោះទេ ប៉ុន្តែផ្ទុយទៅវិញ កម្ពុជាកំពុងនាំយកការសន្ទនា ចូលទៅក្នុងក្របខណ្ឌអន្តរជាតិ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងដែលទទួលស្គាល់ដោយប្រទេសទាំងពីរ»។

    បើតាមសម្ដេចធិបតី កម្ពុជានិងថៃ នឹងទទួលបាននូវផលប្រយោជន៍ពីដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដែលព្រមព្រៀងគ្នាក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ និងដែលអនុលោកតាមច្បាប់អន្តរជាតិ។ ដំណោះស្រាយដោយសន្តិវិធីជាផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថេរភាពតំបន់។

    ដំណោះស្រាយដោយសន្តិវិធីនេះ នឹងការពារអធិបតេយ្យភាព ពង្រឹងទំនុកចិត្ត បើកឱកាសប្រើប្រាស់ធនធានថាមពល គាំទ្រនូវការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មី មិនត្រឹមតែសម្រាប់ពេលបច្ចុប្បន្ននោះប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងសម្រាប់ប្រជាជនជំនាន់ក្រោយៗនៃ ប្រទេសទាំងពីរ។

    សម្ដេចធិបតីនាយករដ្ឋមន្ត្រី សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនដែលរំលោភបំពានអធិបតេយ្យភាពរបស់ប្រទេ​ស​ដទៃឡើយ។ ជាមួយគ្នានេះ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន នាពេលនេះ។ កម្ពុជាបន្តប្រកាន់គោលជំហរទទួលខុសត្រូវដ៏មុតមាំនេះ ដោយមិនមែនតាមរយៈការប្រើកម្លាំ​ង តែប្រើច្បាប់ ដោយមិនមែនតាមរយៈសកម្មភាពឯកតោភាគី តែតាមរយៈការរួមគ្នាដោះស្រាយដោ​យសន្តិវិធី។

    សម្ដេចធិបតី សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ឱ្យបន្តរក្សា សាមគ្គីភាពជាធ្លង់មួយប្រក​បដោ​យ​ទំនុកចិត្តខ្ពស់ ក្នុងភាពរឹងមាំ ការការពារអធិបតេយ្យភាពជាតិ គឺជាកាតព្វកិច្ចរបស់ជាតិយើងទាំងមូល៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay