ចិនថ្កោលទោសចំពោះផែនការរបស់អាមេរិក ក្នុងការត្រៀមលក់យន្ដហោះចម្បាំងតម្លៃ ៨ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់
ប្រទេសចិនបានប្រតិកម្មយ៉ាងខ្លាំងចំពោះផែនការរបស់អាមេរិក ក្នុងការលក់យន្តហោះចម្បាំង F-16 ទៅឱ្យកោះតៃវ៉ាន់។ ផែនការដែលបានបង្ហាញដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ពាក់ព័ន្ធនឹងការលក់យន្ដហោះជាង ៦០គ្រឿង ដែលមានតម្លៃ ៨ពាន់លានដុល្លារ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃច័ន្ទថា ទីក្រុងប៉េកាំងបានដាក់ពាក្យបណ្តឹងម្តងហើយម្តងទៀតជាមួយសហរដ្ឋអាមេរិកជុំវិញផែនការនេះ។

លោក Geng Shuang បាននិយាយថា ប្រទេសចិនប្រឆាំងនឹងការលក់អាវុធទៅឱ្យកោះនេះយ៉ាងដាច់ខាត ពីព្រោះពួកគេ (អាមេរិក) បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេស ហើយធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន។ លោកបាននិយាយថា វាទាក់ទងនឹង «ផលប្រយោជន៍ស្នូល» របស់ចិន។ លោក Geng បានទាមទារឱ្យអាមេរិកបញ្ឈប់ផែនការ និងបញ្ចប់កិច្ចសហប្រតិបត្តិការយោធាជាមួយកោះតៃវ៉ាន់។ លោកបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកមិនធ្វើដូច្នេះទេ ពួកគេនឹងត្រូវទទួលនូវរាល់ផលវិបាកបន្ទាប់ពីការលក់នេះ។
ទីក្រុងប៉េកាំងបាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនអាមេរិកដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងណាមួយជាមួយតៃវ៉ាន់។ ហើយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន កោះតៃវ៉ាន់ក៏បានបង្ហាញពីការបង្កើនការចំណាយការពារជាតិដ៏ធំបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ ដែលមានតម្លៃរហូតដល់ ១៣.១ពាន់លានដុល្លារ ផងដែរ៕



អត្ថបទ៖ លីដា