ប្រទេសចិនត្រូវបានគេចោទថា បានប្រើប្រាស់ Twitter និង Facebook ដើម្បីប្រឆាំងនឹងបាតុករហុងកុង និងនៅពីក្រោយការផ្សព្វផ្សាយព័ត៌មានមិនពិត
- BY
- autoadmin
- August 20, 2019
ក្រុមហ៊ុន Twitter Inc និងក្រុមហ៊ុន Facebook Inc បានផ្អាកគណនីអ្នកប្រើប្រាស់ជាច្រើន ដែលពួកគេជឿថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការប្រឆាំងនឹងអ្នកតវ៉ានៅហុងកុង ហើយនេះជាលើកទីមួយ ដែលក្រុមហ៊ុនបានចង្អុលបង្ហាញថា ចិនជាប្រភពនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត។ Twitter បាននិយាយថា ខ្លួនបានផ្អាកគណនីចំនួន ៩៣៦ ដោយសារគណនីទាំងនេះហាក់ដូចជាការខិតខំប្រឹងប្រែងដែលគាំទ្រដោយរដ្ឋ មានប្រភពដើមនៅក្នុងប្រទេសចិន។

Twitter បាននិយាយថា គណនីទាំងនេះគ្រាន់តែជាគណនីសកម្មបំផុតនៃយុទ្ធនាការនេះ ហើយមានគណនីប្រមាណ ២០០,០០០គណនី ត្រូវបានពួកគេបញ្ឈប់ មុនពេលពួកអ្នកប្រើប្រាស់ទាំងនោះចេញសកម្មភាព។ ចំណែក Facebook ក៏បាននិយាយថា ខ្លួនបានលុបគណនី និងទំព័រជាង ១,០០០ ចេញពីបណ្តាញសង្គមរបស់ខ្លួន បន្ទាប់ពីទទួលបានជំនួយពី Twitter ។ ពួកគេបាននិយាយថា ការស៊ើបអង្កេតរបស់ខ្លួនបានរកឃើញទំនាក់ទំនងជាមួយបុគ្គល ដែលជាប់ទាក់ទងជាមួយរដ្ឋាភិបាលចិន៕

អត្ថបទ៖ លីដា
- Share This Post:






