Huawei រងការរិះគន់ពីប្រជាជនចិន ដោយសារនៅក្នុងមុខងារ Time Zone បង្ហាញថា “តៃវ៉ាន់” គឺជាប្រទេស
- BY
- autoadmin
- August 20, 2019
អ្នកនិយមលេងអ៊ីនធឺណិតរបស់ប្រទេសចិនកំពុងអំពាវនាវឱ្យក្រុមហ៊ុន Huawei ចេញមកសុំទោស និងគំរាមធ្វើពហិការ បន្ទាប់ពីក្រុមហ៊ុននេះបានចុះបញ្ជីថា តៃវ៉ាន់ជាប្រទេសមួយ នៅក្នុងការកំណត់ទូរស័ព្ទរបស់ពួកគេ។ អ្នកប្រើប្រាស់ទូរស័ព្ទ Huawei បានរកឃើញថា នៅពេលដែលអ្នកប្រើប្រាស់ជ្រើសយកភាសាចិនសាមញ្ញ ហើយចូលទៅក្នុងការកំណត់តំបន់ពេលវេលា (time zone) នៃស្មាតហ្វូន តៃវ៉ាន់នឹងត្រូវបានចុះបញ្ជីជា «តៃប៉ិ (ចិន)» ប៉ុន្តែវាត្រូវបានចុះបញ្ជីជា «តៃប៉ិ (តៃវ៉ាន់)» នៅពេលដែលស្មាតហ្វូនបានជ្រើសយកភាសាប្រពៃណី។

អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញពីការខឹងសម្បាររបស់ពួកគេ ហើយបានទាមទារឱ្យក្រុមហ៊ុនធ្វើការសុំទោស។ អ្នកខ្លះថែមទាំងគំរាមធ្វើពហិការក្រុមហ៊ុន Huawei តាមរយៈ hashtag ដែលត្រូវបានគេរាយការណ៍ថា ត្រូវបានលុបចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គមរួចហើយ។ ជាលទ្ធផលក្រុមហ៊ុន Huawei បានផ្លាស់ប្តូរការកំណត់ software នៃទូរស័ព្ទរបស់ខ្លួន ដើម្បីបង្ហាញ «តៃវ៉ាន់ (ចិន)» ទៅក្នុងជម្រើសភាសាចិនទាំងពីរ នៅពេលដែលឧបករណ៍នេះប្រើប្រាស់ក្នុងទឹកដីចិន ហើយវានឹងចេញជា «តៃវ៉ាន់» នៅពេលដែលឧបករណ៍ប្រើក្នុងប្រទេសដទៃទៀត ប៉ុន្តែក្រុមហ៊ុននៅមិនទាន់ចេញសេចក្តីសុំទោសនៅឡើយទេ៕

អត្ថបទ៖ លីដា
- Share This Post:






