សេតវិមានព្រមព្រៀងជាផ្លូវការក្នុងការលក់យន្តហោះចម្បាំង F-16 ចំនួន ៦៦គ្រឿង ឱ្យទៅកោះតៃវ៉ាន់
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តជាផ្លូវការក្នុងការលក់យន្តហោះប្រយុទ្ធប្រភេទ F-16 ទៅឱ្យកោះតៃវ៉ាន់។ សេតវិមាននៅថ្ងៃអង្គារនេះ បានជូនដំណឹងដល់សភាអំពីផែនការរបស់ខ្លួន ក្នុងការអនុម័តការលក់ក្នុងតម្លៃ ៨ពាន់លានដុល្លារ លើយន្តហោះចំនួន ៦៦គ្រឿង។ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បានសង្កត់ធ្ងន់កាលពីថ្ងៃច័ន្ទនេះថា ការសម្រេចនេះគឺស្របជាមួយនឹងគោលនយោបាយអាមេរិកកន្លងមកជាមួយកោះតៃវ៉ាន់ និងទំនាក់ទំនងប្រវត្តិសាស្រ្តរវាងសហរដ្ឋអាមេរិក និងចិន។

ចំណែកប្រទេសចិនវិញគឺមិនសប្បាយចិត្តនោះទេ ហើយបានប្រឆាំងនឹងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់យ៉ាងដាច់ខាត ពីព្រោះពួកគេ (អាមេរិក) បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេស ដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន។ មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីខែមុនថា កិច្ចព្រមព្រៀងនេះនឹងគាំទ្រដល់សមត្ថភាពរបស់តៃវ៉ាន់ក្នុងការរក្សានូវសមត្ថភាពការពារខ្លួនគ្រប់គ្រាន់ ហើយមិនមានការផ្លាស់ប្តូរចំពោះគោលនយោបាយចិនតែមួយរបស់សហរដ្ឋអាមេរិកនោះទេ៕



អត្ថបទ៖ លីដា