ឈឺក្បាលរាប់សិបឆ្នាំមិនព្រមជាសោះ ស្រាប់តែទៅស្កេនមើលទើបរកឃើញថា មានប៉ារ៉ាស៊ីតប្រវែង ១០សង់ទីម៉ែត្រ ក្នុងលលាដ៍ក្បាល
ថ្មីៗនេះមានបុរសម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយគ្រូពេទ្យវះកាត់ទាញយកដង្កូវពីលលាដ៍ក្បាលរបស់គាត់ បន្ទាប់ពីគាត់តែងតែមានអាការឈឺក្បាលរយៈពេលរាប់សិបឆ្នាំមកហើយ។ បុរសម្នាក់នោះមានអាយុ ៥៩ឆ្នាំ មានឈ្មោះក្រៅថា Zhang បាននិយាយថា គាត់មានអាការៈវិលមុខ និងឈឺក្បាលតាំងពី ឆ្នាំ១៩៨៩ មកម្ល៉េះ។ ហើយពីមុនមកគាត់ធ្លាប់បានទទួលថ្នាំលេបមកព្យាបាលដែរ ប៉ុន្តែមិនបានផលនោះទេ។ ក្រោយការស្កេននាពេលថ្មីៗនៅឯមន្ទីរពេទ្យក្វាងចូវបានបង្ហាញថា នៅក្នុងលលាដ៍របស់គាត់មានប៉ារ៉ាស៊ីតប្រវែង ១០សង់ទីម៉ែត្រ ដែលវាជាមូលហេតុបណ្ដាលឱ្យគាត់ឈឺក្បាលរយៈពេល ៣០ឆ្នាំ មកនេះ។

យ៉ាងណាក៏ដោយទីបំផុតប៉ារ៉ាស៊ីតប្រវែង ១០សង់ទីម៉ែត្រ នេះត្រូវបានយកចេញតាមរយៈការវះកាត់។ ហើយវេជ្ជបណ្ឌិតបានប្រាប់ទៅលោក Zhang ថា ប៉ារ៉ាស៊ីតនេះអាចមកពីការផឹកទឹកមិនទាន់ពុះ ឬបរិភោគកង្កែប និងពស់ដែលនៅឆៅជាដើម។ ចំណែកលោក Zhang ក៏បានសារភាពថា ការអនុវត្តញ៉ាំឆៅបែបនេះគឺជារឿងធម្មតាទៅហើយ ដោយសារតែគាត់រស់នៅលើភ្នំ Guangdong ដែលដាច់ស្រយាល ហើយវាជាសំណាងរបស់គាត់ហើយដែលមានប៉ារ៉ាស៊ីតតែមួយនៅក្នុងក្បាលរបស់គាត់៕

អត្ថបទ៖ លីដា