សង្គម

ជីវិតគឺជាការតស៊ូ! មិនចង់ឲ្យពុកម៉ែចាស់ៗលំបាក សុខចិត្តចេញពីផ្ទះ ធ្វើការបណ្តើរ រៀនបណ្តើរ រហូតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ

BY
Khmernote Media
August 21, 2019

កាលពីថ្មីៗនេះមានរឿងរំជួលចិត្តមួយផ្ទុះពេញបណ្តាញសង្គមថៃក្រោយមាននិស្សិតបញ្ចប់ការសិក្សាវ័យ២៥ឆ្នាំម្នាក់ បានបើកបង្ហាញពីប្រវត្តិតស៊ូរបស់ខ្លួនធ្វើការបណ្តើររៀនបណ្តើររហូតចប់បរិញ្ញាបត្រ យកសញ្ញាបត្រជូនអ្នកមានគុណនៅឯផ្ទះស្រុកស្រែចម្ការ។ យុវជនវ័យ២៥ឆ្នាំម្នាក់ឈ្មោះថា ធីរៈភង្ស សងសេង ហៅ ប៉ាវ គឺជាកូនកសិករក្រីក្រមួយរូបដែលរស់នៅឯស្រុកស្រែចម្ការ ប្រទេសថៃ។ លោកបានចាកចេញពីផ្ទះដើម្បីស្វែងរកការងារ និងប្រាក់ដើម្បីរៀន ដោយលោកបានធ្វើការជាអ្នករត់តុ និងលាងចានគុយទាវឲ្យគេនៅពេលទំនេរពីការសិក្សា។

ថ្ងៃធម្មតាលោកតែងតែទៅរៀនដើម្បីទទួលយកចំណេះដឹង ចំណែកថ្ងៃសៅរ៍ អាទិត្យ លោកបានធ្វើការឲ្យគេនៅតាមភោជនីយដ្ឋានផ្សេងៗដើម្បីសន្សំប្រាក់។ លោក ប៉ាវ បានបង្ហើបរៀបរាប់ឲ្យដឹងថា៖ «ម្តាយឪពុកខ្ញុំជាអ្នកក្រ តែពួកគាត់មិនដែលធ្វើអ្វីខុសច្បាប់នោះទេ គឺគាត់រស់ពឹងលើជោគជតាជីវិតកំណត់មក។ ខ្ញុំគិតថាពួកគាត់លំបាកខ្លាំងណាស់ព្រោះត្រូវធ្វើការឲ្យគេដើម្បីយកប្រាក់ចិញ្ចឹមខ្ញុំ និងឲ្យខ្ញុំរៀន ទើបខ្ញុំសម្រេចចិត្តស្វែងរកការងារដើម្បីមានប្រាក់បង់ថ្លៃការសិក្សាខ្លួនឯង ហើយក៏ដើម្បីបានការងារល្អសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ»។ ទីបំផុតការព្យាយាមតស៊ូរបស់ខ្លួនបានសម្រេចដោយខ្លួនបានយកសញ្ញាបត្របរិញ្ញាបត្រជូនម្តាយឪពុកខ្លួនកាលពីថ្ងៃទី៧ ខែសីហា កន្លងទៅនេះ ហើយខ្លួនក៏បានបម្រើការងារជាអ្នកមើលការខុសត្រូវកីឡាដ្ឋានប្រចាំស្រុកនាពេលបច្ចុប្បន្ន។

យ៉ាងណាមិញលោកនៅតែមិនបានបោះបង់ក្តីស្រម៉ៃខ្លួនចោលនោះឡើយ ដោយខ្លួនបានស្រម៉ៃថាចង់ក្លាយជាតន្ត្រីករមួយរូប ហើយលោកក៏នឹងខិតខំព្យាយាមដើម្បីធ្វើវាឲ្យបាននៅថ្ងៃណាមួយ។ ពុកម៉ែរបស់ ប៉ាវ គឺបានថ្លែងពីសេចក្តីសប្បាយចិត្តដោយខ្លួនបានប្រាប់ថា៖ «កូនជាមនុស្សល្អ តែកូនលំបាកព្រោះតែខ្ញុំនិងប្រពន្ធខ្ញុំសុទ្ធតែជាមនុស្សចាស់ហើយក្រគ្មានទ្រព្យសម្បត្តិ យើងសាងសង់ផ្ទះខ្ទមដើម្បីរស់នៅរកមួយថ្ងៃហូបមួយថ្ងៃ ហើយវាក៏ចាប់ផ្តើមពុកធ្លុះធ្លាយ ពេលភ្លៀងត្រូវរត់មកគេងជុំគ្នា។ ខ្ញុំសប្បាយចិត្តដែលកូនបានរៀនចប់ ថ្ងៃដែលកូនរៀនចប់ខ្ញុំនិងប្រពន្ធខ្ញុះក៏មិនបានទៅចូលរួមអបអរសាទរគេនោះឡើយ ព្រោះតែគ្មានលុយទិញសម្លៀកបំពាក់ស្អាតៗស្លៀកទៅ មានតែកម្លាំងចិត្តជូនពរកូន។ ខ្ញុំធ្លាប់ស្រម៉ៃចង់ឲ្យកូនខ្ញុំមានការងារជាមន្ត្រីរាជការមានប្រាក់ខែល្អ និងសាងគ្រួសារមានសុភមង្គល»៕

Share This Post: