ហេតុតែសម្បូរស្នេហ៍! បុរសម្នាក់សុខចិត្តរៀបការប្រពន្ធម្តង២នាក់ ព្រោះមិនចង់ធ្វើបាបនរណាម្នាក់ឲ្យខូចចិត្ត
ឥណ្ឌូនេស៊ី៖ ជាធម្មតាក្នុងពិធីរៀបមង្គលការមួយតែងមានកូនកំលោះម្នាក់ និងកូនក្រមុំម្នាក់ ដែលជាមនុស្សសំខាន់នៅក្នុងថ្ងៃដ៏ពិសេសនេះ។ តែយ៉ាងណាក្តី នៅក្នុងប្រទេសឥណ្ឌូនេស៊ីវិញមានពិធីរៀបការមួយដែលមានកូនកំលោះម្នាក់ និងកូនក្រមុំពីរនាក់ ត្រូវបានគេរៀបចំឡើងយ៉ាងសប្បាយរីករាយ និងគ្មានការឈ្លោះប្រកែកគ្នាទាល់តែសោះពីសំណាក់កូនក្រមុំ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឲ្យដឹងថា ពិធីរៀបការនេះបានរៀបចំឡើងនៅក្នុងតំបន់ Dusun Pangkalan Padan ក្រុង West Kalimantan ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី ដែលជាទីកន្លែងមានប្រជាពលរដ្ឋគោរពសាសនាមូស្លីមយ៉ាងខ្ជាប់ខ្ជួន។

បុរសជាកូនកំលោះត្រូវបានគេរាយការណ៍ថា ជាមនុស្សសម្បូរស្នេហ៍ម្នាក់ហើយគាត់បានទាក់ទងមនុស្សស្រីពីរនាក់ផ្សេងគ្នាក្នុងពេលតែមួយ។ លុះរឿងវ៉ាវស្នេហាត្រីកោណនេះបានបែកធ្លាយ គ្មាននរណាម្នាក់សុខចិត្តដើរចេញឡើយ ហើយដោយមិនចង់ឲ្យស្រ្តីណាម្នាក់ខូចចិត្តនោះ ពួកគេក៏យល់ព្រមរៀបការជាមួយគ្នាទាំងបីនាក់ក្នុងពេលថ្ងៃតែមួយតែម្តង។ ក្នុងពិធីរៀបការនេះកូនកំលោះបានជូនថ្លៃទឹកដោះទៅកាន់គ្រួសារខាងកូនក្រមុំក្នុងម្នាក់ចំនួន ១០,០០០ រ៉ូពី ផងដែរ៕
អត្ថបទ៖ ភក្តី
