សោកស្តាយណាស់! សត្វខ្លាឈ្មោះ “ម៉ាប់” នៅភ្នំតាម៉ៅ ជាប្រភេទខ្លាឥណ្ឌូចិន ដែលនៅសេសសល់ចុងក្រោយតែមួយគត់ក្នុងព្រៃកម្ពុជា បានស្លាប់បាត់បង់ជីវិតហើយ
ខេត្តតាកែវ ៖ សត្វខ្លាឈ្មោះ ចាស្ប៉ា ហៅម៉ាប់ ជាប្រភេទខ្លាឥណ្ឌូចិន បានស្លាប់បាត់បង់អាយុជីវិតហើយ នៅឯភ្នំតាម៉ៅ ខេត្តតាកែវ នេះបើយោងតាមការបង្ហោះរបស់ អង្គការសម្ព័ន្ធភាពសត្វព្រៃ (Wildlife Alliance at Phnom Tamao Wildlife Rescue Center) នៅរសៀលនេះ។ ដោយ អង្គការសម្ព័ន្ធភាពសត្វព្រៃ បានរៀបរាប់ឲ្យដឹងថា ៖ «សោកស្តាយចំពោះការបាត់បង់ ម៉ាប់/ចាស្ប៉ា (១៩៩៨-២០១៩) វាពិតជាគួរឱ្យក្តុកក្តួល និងសោកសៅ ចំពោះដំណឹងនៃការស្លាប់របស់ចាស្ប៉ា ដែលមានឈ្មោះគួរឱ្យស្រឡាញ់មួយទៀតគឺ ម៉ាប់ នៅឯភ្នំតាម៉ៅ។
ម៉ាប់ ត្រូវបានគេជួយសង្គ្រោះពីក្រុមអ្នកបរបាញ់សត្វនៅ ឆ្នាំ១៩៩៨ តាំងពីគេនៅជាកូនខ្លាតូចម្ល៉េះ។ ហើយវាត្រូវបានជឿថា ជាប្រភេទខ្លាឥណ្ឌូចិន ដែលនៅសេសសល់ចុងក្រោយតែមួយគត់ក្នុងព្រៃកម្ពុជា។ គាត់ទទួលបានជម្រកថ្មី ក្នុងទ្រុងដ៏ធំមួយហ៊ុមព័ទ្ធទៅដោយព្រៃឈើ និងមានការថែទាំជាពិសេសដោយអង្គការ Born Free Foundation នៅភ្នំតាម៉ៅផ្ទាល់ ហើយជារឿយៗ អាចបានឃើញ និងឮសម្លេងដើរល្បាតរបស់គាត់នៅពេលរសៀល។ គាត់នឹងទទួលបាននូវការនឹករឮកយ៉ាងក្រៀមក្រំ និងមិនអាចបំភ្លេចបាន! សូមឱ្យគាត់ទៅកាន់ទីស្ងប់សុខ!»៕



ប្រភពនិងរូបភាព៖ Wildlife Alliance at Phnom Tamao Wildlife Rescue Center/ Jeremy Holden