អាជ្ញាធរជាតិអប្សរាទទួលវត្ថុបុរាណ៥ប្រភេទ ពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ
សៀមរាប៖ អាជ្ញាធរជាតិអប្សរាទទួលវត្ថុបុរាណ៥ប្រភេទ ពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ។ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នំា២០១៩ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណ វិទ្យាបង្ការ ទទួលបានវត្ថុបុរាណចំនួន៥ប្រភេទពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ យកមករក្សាទុកបណ្តោះ អាសន្ននៅការិយាល័យនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដើម្បីចុះបញ្ជីទៅតាមបច្ចេក ទេស និងរៀបចំសំណើរសម្រាប់យកទៅរក្សាទុកនៅសារមន្ទីរនរោត្តម សីហនុអង្គរ។
វត្ថុបុរាណទាំង៥ប្រភេទដែលទទួលបានរួមមាន៖ ១)បំណែកដងខ្លួនព្រះពុទ្ធរូប ធ្វើពីថ្មភក់ មានកម្ពស់ ៦២ សង់ទីម៉ែត្រ ទទឹង ៣៨ សង់ទីម៉ែត្រ និងកម្រាស់ ១៨ , ២)បំណែកកញ្ចាំង ធ្វើពីថ្មភក់ មានកម្ពស់៤៣ សង់ទីម៉ែត្រ ទទឹង៣៤ សង់ទីម៉ែត្រ និងកម្រាស់ ៣០ សង់ទីម៉ែត្រ , ៣)បំណែកភ្នែនទេវរូប ធ្វើពីថ្មភក់ មានកម្ពស់១១ សង់ទី ម៉ែត្រ ទទឹង១១សង់ទីម៉ែត្រ និងកម្រាស់៩ សង់ទីម៉ែត្រ ៤)កុលាលភាជន៍(ថូ) ធ្វើពីដីដុត កម្ពស់២៥ សង់ទីម៉ែត្រ និងទទឹង២០ សង់ទីម៉ែត្រ ៥)កុលាលភាជន៍(ខួច) ធ្វើពីដីដុត កម្ពស់៧,៥ សង់ទីម៉ែត្រ និងទទឹង៨ សង់ទីម៉ែត្រ។
សូមបញ្ចាក់ថា វត្ថុបុរាណទាំង៥ប្រភេទត្រូវបានអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរទទួលបានតាមរយៈប្រជាជនដែលប្រទះ ឃើញដោយចៃដន្យក្នុងតំបន់ខ្លួនរស់នៅ ហើយរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន ដែលមានសមត្ថកិច្ចដើម្បីយកមករក្សាទុក។ បន្ទាប់ពីទទួលបានអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានប្រគល់ឱ្យអាជ្ញាធរជាតិអប្សរាដែលជាស្ថាប័នមាន សមត្ថកិច្ចក្នុងការគ្រប់គ្រង និងថែរក្សា៕






ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: