បច្ចេកវិទ្យា

​​YouTube បានបិទគណនីចំនួន ២១០ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត អំពីបញ្ហាបាតុកម្មនៅក្រុងហុងកុង

BY
autoadmin
August 23, 2019

Google ទើបតែបានឱ្យដឹងនៅក្នុងប្លក់របស់ខ្លួនថា ពួកគេបានបិទគណនី YouTube ចំនួន ២១០ ដែលក្រុមហ៊ុនបាននិយាយថា មានអាកប្បកិរិយាជាយុទ្ធនាការផ្សព្វផ្សាយព៌តមានមិនពិត បង្ហោះវីដេអូទាក់ទងនឹងការតវ៉ានៅហុងកុង។ Google បានលុបគណនីទាំងនេះ ចំពេលដែលគណនី Facebook និង Twitter ជាច្រើនត្រូវបានបិទ កាលពីដើមសប្តាហ៍នេះ។ ទាំង Facebook និង Twitter ថ្មីៗនេះបានរកឃើញនូវសកម្មភាពមិនប្រក្រតី និងផ្អាកគណនីមួយចំនួន ដែលក្រុមហ៊ុនទាំង ២ ជឿថា បានដំណើរការដោយរដ្ឋាភិបាលចិន និងបានបង្កើតឡើងដើម្បីធ្វើឱ្យមានការសង្ស័យ និងធ្វើឱ្យអន្តរាយដល់ការតវ៉ា ដែលកំពុងបន្តនៅហុងកុង។

គួរឱ្យដឹងដែរថា Twitter បានផ្អាកគណនីជិត ១,០០០ ដែលជាប់ទាក់ទងនឹងប្រទេសចិន ហើយ Facebook ក៏បានលុបចោលទំព័រ ក្រុម និងគណនីផ្សេងៗច្រើនជាង ១,០០០ ដែលទាក់ទងនឹងកិច្ចប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានប្រឆាំងនឹងការតវ៉ានៅហុងកុងផងដែរ។ Shane Huntley មកពីក្រុមវិភាគការគំរាមកំហែងរបស់ Google ​បានសរសេរនៅលើប្លក់ថា៖ “យើងបានរកឃើញការប្រើប្រាស់ VPNs និងវិធីសាស្រ្តផ្សេងទៀត ដើម្បីក្លែងបន្លំប្រភពដើមនៃគណនីទាំងនេះ និងសកម្មភាពផ្សេងទៀត ដែលជាទូទៅទាក់ទងនឹងប្រតិបត្តិការការផ្សព្វផ្សាយព័ត៌មានមិនពិត” ។ វាគឺជាផ្នែកមួយនៃការខិតខំបន្តរបស់យើង ដើម្បីការពារបូរណភាពនៃបណ្ដាញផ្សព្វផ្សាយរបស់យើង និងសុវត្ថិភាព និងភាពឯកជនរបស់អ្នកប្រើប្រាស់របស់យើង៕

អត្ថបទ៖ លីដា

Share This Post: